យើងខ្ញុំរំពឹងថាសេដ្ឋកិច្ចឆ្នាំ ២០២៤ នឹងនៅតែបន្តភាពវិជ្ជមាន ជាមួយកំណើនប្រហែល ៦% តាមរយៈការងើបឡើងវិញនៃវិស័យទេសចរណ៍ អចលនទ្រព្យ សំណង់ និងសេវាកម្ម។ កំណើនសេដ្ឋកិច្ចឥតឈប់ឈរនេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេច និងរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាកត្តាចម្បងមួយក្នុងការពង្រឹងទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ហើយសំខាន់ជាងនេះទៅទៀត គឺការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដែលជាផ្នែកមួយនៃដៃគូអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ក្នុងរយៈពេល ១២ ខែកន្លងមកនេះ យើងខ្ញុំបានប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន (ក) អតិថិជនបានធ្លាក់ចុះ ឬបាត់បង់ប្រាក់ចំណូលដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេសទេសចរណ៍ អចលនទ្រព្យ សំណង់ និងវិស័យសេវាកម្មដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់/សណ្ឋាគារ ការកម្សាន្ត (ខ) ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសំណង់ និង (គ) ប្រាក់ឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ១១.២% ខណៈដែល ហ្វឺស ហ្វាយនែន យើងខ្ញុំ ខិតខំរក្សាបានត្រឹម ៦.០២% នៅចុងខែធ្នូ ឆ្នាំ ២០២៣។ដើម្បីបង្កើនវិសាលភាពអាជីវកម្ម និងរក្សាជំហររឹងមាំនៅក្នុងទីផ្សារ យើងខ្ញុំនឹងអនុវត្តយុទ្ធសាស្រ្តដូចខាងក្រោម (ក). ពន្លឿនកំណើនឥណទាន និងពង្រឹងគុណភាពឥណទាន (ខ). បន្តរឹតបន្តឹងលក្ខខណ្ឌឥណទាន ដំណើរការសិក្សាឥណទាន និងការអនុម័ត (គ). ពង្រឹងការគ្រប់គ្រងឥណទានមិនដំណើរការ (ឃ). បង្កើនផលិតភាពសាខា និងមន្រ្តីឥណទាន (ង). ពង្រីកបណ្តាញការិយាល័យសាខា (ច). ពង្រឹងទំនាក់ទំនងជាមួយអ្នកផ្តល់ហិរញ្ញប្បទាន ជាមួយនឹងលក្ខខណ្ឌឥណទាន រួមទាំងការកែលម្អរបាយការណ៍របស់ម្ចាស់បំណុល (ឆ). ស្វែងរកមូលនិធិថ្មីពីអ្នកវិនិយោគក្រៅស្រុក និងធនាគារពាណិជ្ជ (ជ). បន្តពង្រឹងសមត្ថភាពបុគ្គលិក ជាពិសេសប្រធានសាខា មន្ត្រីឥណទាន និងបុគ្គលិកគ្រប់គ្រងហានិភ័យ តាមរយៈការអនុវត្តន៍ការងារផ្ទាល់ ការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ (ឈ). បន្តកែលម្អ និងពង្រឹងបន្ថែមលើកិច្ចការពារអតិថិជន និងទទួលបានវិញ្ញាបនបត្រការពារអតិថិជន រួមទាំងការលើកកម្ពស់សកម្មភាពសង្គម និង (ញ). ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមច្បាប់។បន្តកសាងគ្រឹះដ៏រឹងមាំហ្វឺស ហ្វាយនែន មានមូលដ្ឋានគ្រឹះដ៏អស្ចារ្យមួយ ដែលត្រូវបន្តការសាងសង់បន្ថែម។ យើងមានវប្បធម៌ដ៏រឹងមាំ សុចរិតភាព ទំនុកចិត្ត អាកប្បកិរិយាប្រកបដោយសីលធម៌ និងមានសមិទ្ធិផលប្រកបដោយមោទកភាព។ យើងខ្ញុំមានប្រវត្តិជោគជ័យ ហើយកិច្ចការរបស់យើងខ្ញុំមានលក្ខណៈពិសេស និងជាទីចាប់អារម្មណ៍ពីអ្នកផ្តល់ឥណទាន និងអ្នកពាក់ព័ន្ធជាច្រើនជុំវិញពិភពលោក។ និយោជិតរបស់ ហ្វឺស ហ្វាយនែន បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវបំណងប្រាថ្នាពិតប្រាកដមួយ គឺការបម្រើសេវាទៅដល់អតិថិជនរបស់យើង។ផែនការខាងមុខនវានុវត្តន៍ថ្មីជាច្រើន និងផលរំខានផ្សេងៗ នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុមានការប្រែប្រួលនូវរូបរាងថ្មី។ យើងខ្ញុំបានត្រៀមរៀបចំសម្រាប់ការបង្កើនសមត្ថភាពមជ្ឈមណ្ឌលរក្សាទិន្នន័យ ការស្តាទិន្នន័យឡើងវិញ ធ្វើទំនើបកម្មប្រពន្ធ័សុវត្ថិភាពអ៊ីនធឺណិត និងទប់ស្កាត់ហានិភ័យនៃការក្លែងបន្លំ ក៏ដូចជាការវិវត្តនៃទិដ្ឋភាពបទប្បញ្ញត្តិផ្សេងៗផងដែរ។ យើងខ្ញុំនឹងបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំសុវត្ថិភាពព័ត៌មានវិទ្យារបស់ ធនាគារជាតិនៃកម្ពុជា ។ហ្វឺស ហ្វាយនែន នឹងបន្តវិនិយោគទៅលើអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ធនធានមនុស្ស និងម៉ាកយីហោរបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍សេវាកម្ម ដែលផ្តោតការយកចិត្តទុកដាក់លើអតិថិជន និងជួយដល់អ្នកដែលយើងខ្ញុំបានបម្រើ ឱ្យមានទំនុកចិត្ត អំពីអនាគតហិរញ្ញវត្ថុរបស់ពួកគេ។ យើងខ្ញុំក៏នឹងរក្សានូវវប្បធម៌ដែលផ្តោតការយកចិត្តទុកដាក់លើហានិភ័យ និងផ្តោតលើឧត្តមភាពនៃប្រតិបត្តិការ ហើយនឹងជំរុញវប្បធម៌ពិសេស និងប្លែកពីគេរបស់យើងខ្ញុំ ឲ្យមានភាពលេចធ្លោ ដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។នាំយកនូវអ្វីដែលល្អបំផុតដែលយើងខ្ញុំមាន ជូនទៅដល់អតិថិជន និងដៃគូអាជីវកម្មរបស់យើងកំណើនប្រកបដោយនិរន្តរភាព គឺជាគន្លឹះសំខាន់របស់ ហ្វឺស ហ្វាយនែន ចាប់តាំងពីពេលដែលយើងខ្ញុំបានកកើតឡើង។ យើងខ្ញុំបានគិតគូរគ្រប់ជ្រុងជ្រោយទៅដល់ផលប្រយោជន៍របស់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដូចដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងគុណតម្លៃស្នូលរបស់យើងខ្ញុំយ៉ាងដូច្នេះដែរ ។ យើងខ្ញុំបានកត់សម្គាល់ឃើញថា ការបង្កើនប្រសិទ្ធភាពនៃការចំណាយ ការបង្កើនអត្ថប្រយោជន៍ជាអតិបរិមា និងការកាត់បន្ថយហានិភ័យ គឺជាតម្លៃស្នូលរបស់ ហ្វឺស ហ្វាយនែន។ យើងខ្ញុំកំពុងស្វែងរកយុទ្ធសាស្រ្ត ដែលអាចបត់បែនតាមតម្រូវការក្នុងរយៈពេលវែង ហើយយើងខ្ញុំក៏បន្តការបង្កើតទំនាក់ទំនងជាមួយអតិថិជន ដើម្បីផ្តល់គុណតម្លៃបន្ថែមដល់ដៃគូអាជីវកម្មរបស់យើងខ្ញុំ។ដឹកនាំដោយទំនុកចិត្តខណៈពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ច អតិផរណាពិភពលោកខ្ពស់ និងអត្រាការប្រាក់ ការផ្លាស់ប្តូរបទប្បញ្ញត្តិ ការប្រែប្រួលទីផ្សារនិងការកើនឡើងនៃការប្រកួតប្រជែងនឹងបង្កជាបញ្ហាប្រឈមបន្ថែមទៀតទៅដល់ប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ ក៏ប៉ុន្តែយើងខ្ញុំក៏បានសំឡឹងឃើញពីឱកាសនៅក្នុងនោះផងដែរ។ យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់នូវយុទ្ធសាស្ត្រត្រឹមត្រូវ ពង្រឹងវប្បធម៌ និងសមត្ថភាពបុគ្គលិករបស់យើង ដើម្បីជំរុញកំណើនជាបន្តបន្ទាប់ និងទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនៅក្នុងទីផ្សារ។ ពេលវេលាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់យើងខ្ញុំ កំពុងដំណើរការបានយ៉ាងល្អ។ យើងខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ដែលបញ្ជាក់ថាយើងខ្ញុំបានជ្រើសរើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ហើយមានមនុស្សដែលសក្តិសម ដើម្បីប្រឈមបញ្ហាដែលនៅខាងមុខ។ យើងខ្ញុំនៅតែបន្តទទួលខុសត្រូវ លើការរីកចម្រើនប្រកបដោយនិរន្តភាព និងខិតខំប្រឹងប្រែងក្នុងការនាំយកអតិថិជន និងភាគទុនិកដើម្បីរួមដំណើរជាមួយយើងខ្ញុំឆ្លងកាត់ពេលវេលាលំបាកមួយនេះ ឆ្ពោះទៅរកអនាគតមួយដែលគាប់ប្រសើរជាមួយគ្នា ។យើងខ្ញុំជឿជាក់ថាយុទ្ធសាស្ត្ររបស់យើងខ្ញុំគឺត្រឹមត្រូវ។ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ឱ្យបានល្អ និងធ្វើឱ្យចំណុចអាទិភាពដែលយើងបានផ្តោតមានការរីកចម្រើនទៅមុខ នោះ ហ្វឺស ហ្វាយនែន នឹងស្ថិតក្នុងស្ថានភាពល្អសម្រាប់ការអនុវត្តគោលដៅរយៈពេលមធ្យម និងបង្កើតគុណតម្លៃរយៈពេលវែងជូនដល់ភាគីពាក់ព័ន្ធ ។ យើងខ្ញុំនឹងបន្តរក្សាកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវឧត្តមភាព តាមរយៈកិច្ចសហប្រតិបត្តិការ ការប្តេជ្ញាចិត្ត និងតម្លាភាព ក្នុងកិច្ចការទាំងអស់របស់យើង។តាំងនាមឱ្យថ្នាក់ដឹកនាំរបស់ ហ្វឺស ហ្វាយនែន ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងបុគ្គលិកចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។ សូមអរគុណដល់ក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងដំបូន្មាន ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា និយតករ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ដែលតែងតែផ្តល់ការគាំទ្រដល់យើងខ្ញុំ ។