សារប្រធាននាយកប្រតិបត្តិ | ហ្វឺស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    សារប្រធាននាយកប្រតិបត្តិ


    ​​​​​​​យើងខ្ញុំរំពឹងថាសេដ្ឋកិច្ចឆ្នាំ ២០២៤ នឹងនៅតែបន្តភាពវិជ្ជមាន ជាមួយកំណើនប្រហែល ៦%  តាមរយៈការងើបឡើង​វិញនៃ​វិស័យទេសចរណ៍ អចលនទ្រព្យ សំណង់ និងសេវាកម្ម។ កំណើន​​សេដ្ឋកិច្ចឥតឈប់ឈរនេះ បានមកពីកិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការសម្រេច និង​រក្សា​បាននូវស្ថិរភាព​​សង្គម នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាកត្តាចម្បង​មួយ​ក្នុងការ​ពង្រឹង​ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​សំខាន់ជាងនេះទៅទៀត គឺការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន ដែល​ជាផ្នែកមួយនៃដៃគូអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

    ក្នុងរយៈពេល ១២ ខែកន្លងមកនេះ យើងខ្ញុំបានប្រឈមមុខនឹង​បញ្ហាធំៗមួយចំនួន (ក) អតិថិជនបានធ្លាក់ចុះ ឬបាត់បង់ប្រាក់ចំណូល​ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេសទេសចរណ៍ អចលន​ទ្រព្យ សំណង់ និងវិស័យ​សេវាកម្មដូចជាភោជនីយដ្ឋាន ផ្ទះ​​សំណាក់/​សណ្ឋាគារ ការកម្សាន្ត (ខ) ការធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ និងសំណង់ និង (គ) ប្រាក់ឥណទានមិនដំណើរការ​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ១១.២% ខណៈដែល ហ្វឺស ហ្វាយនែន យើងខ្ញុំ ខិតខំរក្សាបានត្រឹម ៦.០២% នៅចុងខែធ្នូ ឆ្នាំ ២០២៣។

    ដើម្បីបង្កើនវិសាលភាពអាជីវកម្ម និងរក្សាជំហររឹងមាំនៅក្នុង​ទីផ្សារ យើងខ្ញុំនឹងអនុវត្តយុទ្ធសាស្រ្តដូចខាងក្រោម (ក). ពន្លឿន​កំណើនឥណទាន និងពង្រឹងគុណភាពឥណទាន (ខ). បន្តរឹត​បន្តឹង​លក្ខខណ្ឌឥណទាន ដំណើរការសិក្សាឥណទាន និង​ការ​អនុម័ត (គ). ពង្រឹងការគ្រប់គ្រងឥណទានមិនដំណើរការ (ឃ). បង្កើនផលិតភាពសាខា និងមន្រ្តីឥណទាន (ង). ពង្រីក​បណ្តាញការិយាល័យសាខា (ច). ពង្រឹងទំនាក់ទំនងជាមួយ​អ្នក​ផ្តល់ហិរញ្ញប្បទាន ជាមួយនឹងលក្ខខណ្ឌឥណទាន រួម​ទាំង​​​ការ​កែលម្អរបាយការណ៍របស់ម្ចាស់បំណុល (ឆ). ស្វែងរក​មូលនិធិ​ថ្មីពីអ្នកវិនិយោគក្រៅស្រុក និងធនាគារពាណិជ្ជ (ជ). បន្តពង្រឹងសមត្ថភាពបុគ្គលិក ជាពិសេសប្រធានសាខា មន្ត្រី​ឥណទាន និងបុគ្គលិកគ្រប់គ្រងហានិភ័យ តាមរយៈការ​អនុវត្តន៍​​ការងារផ្ទាល់ ការបណ្តុះបណ្តាលខាងក្នុង និង​ខាងក្រៅ (ឈ). បន្តកែលម្អ និងពង្រឹងបន្ថែមលើកិច្ចការពារអតិថិជន និង​​ទទួល​បានវិញ្ញាបនបត្រការពារអតិថិជន រួមទាំងការលើកកម្ពស់​សកម្មភាពសង្គម និង (ញ). ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងការ​អនុលោមតាមច្បាប់។

    បន្តកសាងគ្រឹះដ៏រឹងមាំ

    ហ្វឺស ហ្វាយនែន មានមូលដ្ឋានគ្រឹះដ៏អស្ចារ្យមួយ ដែលត្រូវបន្ត​ការ​សាងសង់បន្ថែម។ យើងមានវប្បធម៌ដ៏រឹងមាំ សុចរិតភាព ទំនុក​ចិត្ត អាកប្បកិរិយាប្រកបដោយសីលធម៌ និងមានសមិទ្ធិផលប្រកបដោយ​មោទកភាព​។ យើងខ្ញុំ​មាន​​ប្រវត្តិ​​ជោគជ័យ ហើយកិច្ចការរបស់យើងខ្ញុំ​មានលក្ខណៈពិសេស និង​ជាទីចាប់អារម្មណ៍ពីអ្នកផ្តល់ឥណទាន និងអ្នក​ពាក់ព័ន្ធ​ជា​ច្រើន​​​ជុំវិញ​ពិភពលោក។ និយោជិត​របស់ ហ្វឺស ហ្វាយនែន បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការ​ធ្វើ​ការ​រួមគ្នា ដើម្បី​សម្រេចបាននូវបំណង​​ប្រាថ្នា​ពិត​ប្រាកដ​​មួយ គឺការ​បម្រើ​សេវា​ទៅ​ដល់​​អតិថិជន​របស់​យើង។

    ផែនការខាងមុខ

    នវានុវត្តន៍ថ្មីជាច្រើន និងផលរំខានផ្សេងៗ នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុ​មានការប្រែប្រួលនូវរូបរាងថ្មី។ យើងខ្ញុំបានត្រៀមរៀបចំសម្រាប់​ការ​​បង្កើន​​​សមត្ថភាពមជ្ឈមណ្ឌលរក្សាទិន្នន័យ ការស្តាទិន្នន័យ​ឡើង​វិញ ធ្វើទំនើបកម្មប្រពន្ធ័សុវត្ថិភាពអ៊ីនធឺណិត និងទប់ស្កាត់​ហានិភ័យ​​​​នៃការក្លែងបន្លំ ក៏ដូចជាការវិវត្តនៃទិដ្ឋភាពបទប្បញ្ញត្តិ​ផ្សេងៗ​​​​​ផងដែរ។ យើងខ្ញុំនឹងបន្តពង្រឹងការអនុវត្តគោលការណ៍​ណែ​នាំ​​​​សុវត្ថិភាពព័ត៌មានវិទ្យារបស់ ធនាគារជាតិនៃកម្ពុជា ។
    ហ្វឺស ហ្វាយនែន នឹងបន្តវិនិយោគទៅលើអាជីវកម្ម ហេដ្ឋារចនា​សម្ព័ន្ធ​​ព័ត៌មានវិទ្យា ធនធានមនុស្ស និងម៉ាកយីហោរបស់ខ្លួន ដើម្បី​​ផ្តល់នូវបទពិសោធន៍សេវាកម្ម ដែលផ្តោតការ​យកចិត្តទុកដាក់លើ​​​អតិថិជន និងជួយដល់អ្នកដែលយើងខ្ញុំបានបម្រើ ឱ្យមាន​​​ទំនុក​​​ចិត្ត អំពីអនាគតហិរញ្ញវត្ថុរបស់ពួកគេ។ យើងខ្ញុំក៏នឹង​រក្សា​​​​នូវ​​វប្បធម៌​ដែលផ្តោតការយកចិត្ត​ទុកដាក់លើហានិភ័យ និងផ្តោតលើ​​ឧត្តមភាព​​​​​នៃ​ប្រតិបត្តិការ ហើយនឹងជំរុញវប្បធម៌ពិសេស និងប្លែក​ពីគេ​របស់​យើងខ្ញុំ ឲ្យមាន​ភាពលេចធ្លោ ដើម្បីនាំមកនូវអ្វីដែលល្អ​បំផុតសម្រាប់អតិថិជន និង​​​ភាគីពាក់​ព័ន្ធ​របស់យើង។

    នាំយកនូវអ្វីដែលល្អបំផុតដែលយើង​ខ្ញុំ​​មាន ជូនទៅដល់អតិថិជន និង​ដៃគូ​អាជីវកម្មរបស់យើង

    កំណើនប្រកបដោយនិរន្តរភាព គឺជាគន្លឹះសំខាន់របស់ ហ្វឺស ហ្វាយនែន ចាប់តាំងពីពេលដែលយើងខ្ញុំបានកកើតឡើង។ យើងខ្ញុំ​បាន​​​គិតគូរ​​គ្រប់​ជ្រុងជ្រោយ​ទៅដល់ផលប្រយោជន៍របស់អតិថិជន និង​ដៃគូ​អាជីវកម្ម​​​​ទាំងអស់ ដូចដែលបានឆ្លុះ​បញ្ចាំង​ឲ្យឃើញនៅក្នុង​គុណ​​តម្លៃ​​​​​ស្នូលរបស់យើងខ្ញុំយ៉ាងដូច្នេះដែរ ។ យើងខ្ញុំបាន​​កត់​​​សម្គាល់​​​​​​ឃើញថា ការបង្កើនប្រសិទ្ធភាព​នៃការ​ចំណាយ ការ​​បង្កើន​អត្ថប្រយោជន៍ជាអតិបរិមា និង​ការកាត់បន្ថយហានិភ័យ គឺជា​តម្លៃ​ស្នូល​​របស់ ហ្វឺស ហ្វាយនែន។ យើង​ខ្ញុំកំពុង​ស្វែង​រក​​​​យុទ្ធសាស្រ្ត ដែល​អាចបត់បែនតាម​​តម្រូវ​​​ការ​​ក្នុងរយៈពេលវែង ហើយ​យើង​ខ្ញុំ​ក៏​បន្ត​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​​​ ដើម្បី​ផ្តល់​​​​​គុណតម្លៃ​​​បន្ថែម​ដល់​​​ដៃ​គូ​​អាជីវកម្ម​​របស់​យើងខ្ញុំ។

    ដឹកនាំដោយទំនុកចិត្ត

    ខណៈពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ច អតិផរណាពិភព​លោក​ខ្ពស់ និងអត្រាការប្រាក់ ការផ្លាស់ប្តូរបទប្បញ្ញត្តិ ការប្រែប្រួល​ទីផ្សារ​និងការកើនឡើងនៃការប្រកួតប្រជែងនឹងបង្កជាបញ្ហា​​​ប្រ​ឈម​​​​​​​បន្ថែម​ទៀតទៅដល់ប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ ក៏ប៉ុន្តែយើងខ្ញុំក៏​បានសំឡឹងឃើញពីឱកាសនៅក្នុងនោះផងដែរ។ យើង​ខ្ញុំ​ប្តេជ្ញា​​​​​​​​​ក្នុង​​​ការ​​​ផ្តល់​នូវយុទ្ធសាស្ត្រត្រឹមត្រូវ ពង្រឹងវប្បធម៌ និង​សមត្ថភាព​​​​​​​បុគ្គលិក​របស់យើង ដើម្បីជំរុញកំណើនជាបន្តបន្ទាប់ និង​​​​​​​ទាញ​យកអត្ថប្រយោជន៍ពី​ការ​ផ្លាស់ប្តូរនៅក្នុងទីផ្សារ។ ពេលវេលាបាន​បង្ហាញ​ឲ្យឃើញយ៉ាងច្បាស់​ថា យុទ្ធសាស្ត្រ​​របស់​​​​​​យើង​​ខ្ញុំ កំពុង​ដំណើរការ​​បានយ៉ាងល្អ។ យើង​​ខ្ញុំមាន​ទំនុក​ចិត្ត​​កាន់​​​​តែខ្លាំង​ជាង​​ពេលណាៗទាំងអស់ ដែលបញ្ជាក់ថាយើងខ្ញុំ​បានជ្រើស​រើស​យុទ្ធសាស្ត្រ​​​ដ៏ត្រឹមត្រូវ ហើយ​មាន​មនុស្ស​ដែល​សក្តិសម ដើម្បី​​ប្រឈម​​​បញ្ហា​ដែល​នៅខាងមុខ។ យើង​ខ្ញុំ​នៅតែ​បន្ត​ទទួល​​ខុសត្រូវ លើការ​​រីក​ចម្រើន​ប្រកប​ដោយ​និរន្តភាព និង​​​ខិតខំប្រឹង​ប្រែង​ក្នុង​ការ​នាំ​​យក​អតិថិជន និងភាគទុនិក​ដើម្បីរួម​ដំណើរ​​ជាមួយ​យើង​ខ្ញុំ​ឆ្លង​កាត់​ពេល​វេលា​លំបាកមួយនេះ​ ឆ្ពោះ​ទៅរក​អនាគត​​មួយ​ដែល​​គាប់​ប្រសើរ​ជាមួយ​​គ្នា ។

    យើងខ្ញុំជឿជាក់ថាយុទ្ធសាស្ត្ររបស់យើងខ្ញុំគឺត្រឹមត្រូវ។ តាមរយៈការ​អនុវត្តយុទ្ធសាស្ត្រ ឱ្យបានល្អ និងធ្វើឱ្យចំណុចអាទិភាពដែលយើង​បានផ្តោតមានការរីកចម្រើនទៅមុខ នោះ ហ្វឺស ហ្វាយនែន នឹងស្ថិត​ក្នុងស្ថានភាពល្អសម្រាប់ការអនុវត្តគោលដៅរយៈពេលមធ្យម​ និង​បង្កើត​គុណតម្លៃរយៈពេលវែងជូនដល់ភាគីពាក់ព័ន្ធ ។ យើងខ្ញុំ​នឹង​បន្ត​រក្សាកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវឧត្តមភាព តាម​រយៈ​​កិច្ចសហប្រតិបត្តិការ ការប្តេជ្ញាចិត្ត និងតម្លាភាព ក្នុង​កិច្ចការ​ទាំង​អស់របស់យើង។
    តាំងនាមឱ្យថ្នាក់ដឹកនាំរបស់ ហ្វឺស ហ្វាយនែន ខ្ញុំសូមថ្លែង​អំណរ​គុណ​ចំពោះគណៈគ្រប់គ្រង និងបុគ្គលិកចំពោះកិច្ចខិត​ខំ​​ប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។ សូម​អរគុណ​​ដល់​ក្រុម​ប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងដំបូន្មាន ព្រម​ទាំង​រាជ​រដ្ឋាភិបាលកម្ពុជា និយតករ ធនាគារជាតិនៃកម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន ដែលតែងតែផ្តល់ការគាំទ្រដល់យើងខ្ញុំ ។