• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ៤ ចំណុចគួរត្រៀមក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង

    ៤ ចំណុចគួរត្រៀមក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង

    Posted on: Jun 29, 2023

    ការសម្រេចចិត្តក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនដំបូងគឺជា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត នៅក្នុងគោលដៅជីវិតរបស់យើង។ ទោះបីជាអ្នកទិញផ្ទះដែលធ្លាប់មានមនុស្សរស់នៅពីមុន ឬទិញផ្ទះដែលទើបសាងសង់ថ្មីវាជារឿងរំភើប ហើយក៏ជាដំណើរការពោរពេញទៅដោយភាពស្មុគស្មាញដែរ។ សម្រាប់អ្នកទិញផ្ទះដំបូងជាច្រើន អ្វីដែលគួរអោយឈឺក្បាលបំផុតនោះគឺការប្រមូលលុយ និងស្វែងរកសេវាកម្ចីទិញផ្ទះ។ មានជម្រើសជាច្រើននៅក្នុងទីផ្សារអនឡាញដែលបានផ្សព្វផ្សាយ និងត្រូវបាននិយាយតៗគ្នា វារឹតតែធ្វើអោយមានភាពតាន តឹងក្នុងការសម្រេចចិត្តកាន់តែខ្លាំងឡើងថែមទៀត។ តោះមកអាន ៤ ចំណុចដែលត្រូវត្រៀមជាស្រេចក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង៖

    ១. ត្រូវដឹងថាអ្នកអាចមានលទ្ធភាពទទួលបានប្រាក់កម្ចីប៉ុន្មាន

    មុននឹងអ្នកធ្វើការស្វែងរកផ្ទះក្នុងក្តីស្រមៃ វាគឺសំខាន់ណាស់ដែលត្រូវដឹងជាមុនថាអ្នកអាចមានលទ្ធភាពខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុបានប៉ុន្មានដែរ។ ទំហំកម្ចីទិញផ្ទះដែលអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និងស្ថានភាព ហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយស្របគ្នានេះដែរតើផ្ទះប្រភេទអ្វី (បុរី, ខុនដូរ, ផ្ទះល្វែង…) និងស្ថិតនៅទីតាំងណាដែរ។ ដើម្បីដឹងពីចំនួនប្រាក់កម្ចី ដែលអ្នកអាចខ្ចីបាន សូមទាក់ទងជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីទិញផ្ទះដែលមានស្រាប់ ហើយសាកសួរដើម្បីជាផ្លូវនាំទៅដល់ ការសម្រេចចិត្តមួយដែលត្រឹមត្រូវ។ បើអ្នកចង់ខ្លាំងណាស់ក្នុងការស្វែងរកផ្ទះដែល ចង់ទិញក្នុងពេលឆាប់ៗនេះ ចូរអ្នកប្រើប្រព័ន្ធគណនាទំហំកម្ចីដែលអាចខ្ចីបានពី ប្រព័ន្ធគណនារបស់ ហ្វឺស ហ្វាយនែន។

    ២. ស្វែងរកគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសេវាកម្ចីប្រសើរ

    ការស្វែងរកប្រៀបធៀបសេវាកម្ចីជាមុនគឺអាចទទួលបាននូវអត្រាការប្រាក់ទាប។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀង កម្ចីទិញផ្ទះ គួរតែឆែក និងសាកសួរអោយបាន ២ ទៅ ៣ គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចី ថាតើវាមាន ភាពខុសគ្នាដូចម្តេចដែរ ចំពោះអាត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក។ ក្រៅតែពីរឿងអាត្រាការប្រាក់ មានកត្តាផ្សេងចូលរួមក្នុងនោះដែរ ដូចជាថ្លៃសេវាប្រឹក្សា ថ្លៃសេវារដ្ឋបាល ថ្លៃវាយតម្លៃអចលនទ្រព្យ នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ លក្ខខណ្ឌរំលស់ដើម លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី រយៈពេលហាមឃាត់លើការបង់ផ្តាច់ លក្ខខណ្ឌបង់ផ្តាច់ និងសេវាបម្រើទៅកាន់អតិថិជន បន្ថែមពីលើនេះទៀតគឺ ភាពខុសគ្នានៃប្រភេទ និងលក្ខណៈពិសេសនៃសេវាកម្ចីទិញផ្ទះ។

    ៣. រៀបចំរាល់ឯកសារសំខាន់ៗរួចរាល់ទុកជាមុន

    ប្រសិនបើអ្នកទិញផ្ទះថ្មី គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីនឹងស្នើសុំរាល់ឯកសារសំខាន់ៗពីអ្នក មុននឹងឈានដល់ការធ្វើបែបបទ សំណុំឯកសារកម្ចីជាបន្តបន្ទាប់ទៀត។ ឯកសារប៉ុន្មានខាងក្រោមនេះ អាចមានភាពខុសគ្នាពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយទៀតប៉ុន្តែជាទូទៅត្រូវការបញ្ជាក់បង្ហាញទៅលើ៖

    • ឯកសារសម្គាល់ខ្លួន
    • ឯកសារបញ្ជាក់ពីប្រាក់ចំណូល
    • ឯកសារទាក់ទងពីអចលនទ្រព្យ
    • ឯកសារទាក់ទងពីការជាប់បំណុលផ្សេងៗ

    ការរៀបចំរាល់ឯកសារប៉ុន្មានខាងលើនេះជាមុន អាចជួយអោយដំណើរការក្នុងការធ្វើឯកសារកម្ចីទិញផ្ទះ កាន់តែលឿនជាងមុន និងសន្សំពេលវេលារបស់អ្នកដូចគ្នា។

    ៤. ស្វែងយល់សិក្សានូវរាល់តម្លៃសេវាផ្សេងៗដែលនឹងកើតមាន

    មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ កត្តាសំខាន់អ្នកត្រូវយល់ថា ក្រៅពីប្រាក់បង់សងប្រចាំខែ នៅមានការចំណាយមួយចំនួនបន្ថែមទៀតដូចជា៖

    • ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ ថ្លៃសេវាប្រថាប់ត្រាត្រូវបានប្រមូលដោយរដ្ឋាភិបាល ដូចជាសេវាចុះបន្ទុកលើ ទ្រព្យបញ្ចាំ ឬ/និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិជាដើម។ អ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវា។
    • ថ្លៃវាយតម្លៃអចលនទ្រព្យ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់។ ជាទូទៅនេះគឺជា ការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ។
    • ថ្លៃសេវាផ្លូវច្បាប់៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវអោយអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ។

    ថ្លៃទិញសេវាធានារ៉ាប់រងលើប្រាក់កម្ចី និងអគ្គីភ័យលើផ្ទះរបស់អ្នក៖ វាជាគោលនយោបាយធានារ៉ាប់រងដែលការពារអតិថិជនក្នុងករណីដែលមិនអាចបន្តការសងប្រាក់កម្ចីទិញផ្ទះរបស់ខ្លួនបាននៅពេលដែលជួបជា មួយហានីភ័យចំបងធំៗ ដោយការបាត់បង់អាយុជីវិត ឬអគ្គីភ័យទៅលើផ្ទះរបស់អ្នកដែលបានទិញជាដើម ព្រោះវាបញ្ហាដែលយើងមិនអាចគ្រោងទុកមុនថានឹងកើតមានឡើងនាពេលអនាគតនោះទេ។

    ប្រភពមកកពី​៖ betterbuilthomes.com.au

    ចែករំលែកទៅកាន់: