វិធីសាស្ត្រគ្រប់គ្រងកម្ចីលំនៅដ្ឋានឲ្យមានប្រសិទ្ធភាព
កម្ចីលំនៅដ្ឋានគឺជាបំណុលរយៈវែងដែលធ្វើឲ្យអ្នកទទួលបានផ្ទះផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងថវិការរបស់អ្នក ដើម្បីបង់សងកម្ចីលំនៅដ្ឋានបានល្អនោះទេ អ្នកនឹងទទួលបានការពិន័យ និងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រវត្តិឥណទានរបស់អ្នក ។ ខាងក្រោមជាគន្លឹះសំខាន់ៗ មួយចំនួនដែលជួយឲ្យអ្នកអាចគ្រប់គ្រងកម្ចីលំនៅដ្ឋានរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព ៖
១. បង់សងទាន់ពេល
នៅពេលអ្នកបង់សងកម្ចីលំនៅដ្ឋានរបស់អ្នកទាន់ពេល ជាទៀងទាត់ នោះអ្នកនឹងរក្សាព័ត៌ល្អ ក្នុងរបាយការណ៍ឥណទានរបស់អ្នក។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកងាយស្រួល ក្នុងការស្នើសុំលក្ខខណ្ឌល្អផ្សេងៗ ដូចជាការបញ្ចុះអត្រាការប្រាក់ ការបង់ផ្ដាច់កម្ចីមុនពេលកំណត់ ជាដើម ។ ប្រសិនបើអ្នកដឹងខ្លួនថា អ្នកមិនអាចបង់សងទាន់ពេល អ្នកត្រូវទាក់ទងម្ចាស់កម្ចី (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធានាគារ) ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនថ្ងៃផុតកំណត់បង់សង ដើម្បីប្រឹក្សារកដំណោះស្រាយដែលសមស្រប ។
២. ពិនិត្យកម្ចីលំនៅដ្ឋានរបស់អ្នកជាទៀងទាត់
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងផ្ដល់ជូននូវលក្ខខណ្ឌល្អៗ សម្រាប់ម្ចាស់លំនៅដ្ឋាន រួមទាំងអតិថិជនដែលបានប្រើកម្ចីលំនៅដ្ឋានរបស់ពួកគេ ។ ប្រសិនបើអ្នកជាអតិថិជនល្អ អ្នកនឹងស័ក្តិសមទទួលបានការផ្ដល់ជូនទាំងនោះពីម្ចាស់កម្ចី នៅពេលដែលអ្នកស្នើសុំកម្ចីបន្ថែមជាដើម ។ អ្នកក៏គួតែពិនិត្យផងដែរ ថាតើអ្នកកំពុងតែអនុវត្តតាមគ្រប់លក្ខខណ្ឌនៃកិច្ចសន្យាកម្ចីដែរឬអត់ ដើម្បីឲ្យប្រាកដថាអ្នកកំពុងតែអនុវត្តបានត្រឹមត្រូវ សម្រាប់ភាពល្អប្រសើរនៃព័ត៌មានឥណទានរបស់អ្នក ។
៣. កាត់បំណុលរបស់អ្នក
វាមានសារសំខាន់ខ្លាំងណាស់ ដែលអ្នកអាចកាត់បំណុលអាក្រក់របស់អ្នកបាន ដូច្នេះហើយអ្នកនឹងអាចសន្សំប្រាក់ដើម្បីបង់សងកម្ចីលំនៅដ្ឋានរបស់អ្នក។ កម្ចីអាក្រក់ជាកម្ចីដែលមិនបានបន្ថែមតម្លៃដល់ហិរញ្ញវត្ថុរបស់អ្នកនោះទេ មានដូចជាការទិញដែលមិនបានគ្រោងទុក ដែលអ្នកទិញដោយការប្រើកាតឥណទានរបស់អ្នក ។ ឧទាហរណ៍ នៅពេលអ្នកឃើញស៊េរីថ្មីទូរសព្ទទំនើប អ្នកចាប់អារម្មណ៍ ហើយធ្វើការទិញភ្លាមៗជាមួយកាតឥណទានរបស់អ្នក ដោយអ្នកមិនមានគម្រោងទិញវាទាល់តែសោះ ។
៤. ត្រូវចេះសន្សំសំចៃ
អ្នកនឹងប្រើពេលរាប់ឆ្នាំ ឬស្ទើរពេញមួយជីវិតរបស់អ្នក ដើម្បីបង់សងកម្ចីលំនៅដ្ឋានរបស់អ្នក ហើយវាអាចនឹងប្រើពេលច្រើនជាងនេះទៀត ប្រសិនបើអ្នកមិនចេះគ្រប់គ្រងប្រាក់ដើម្បីបង់សងបានល្អនោះទេ។ ប្រសិនបើអ្នកចង់បង់ផ្ដាច់កម្ចីរបស់អ្នកបានឆាប់ អ្នកគួធ្វើការប្ដេជ្ញាចិត្ត ក្នុងការកាត់បន្ថយចំណាយលើសម្ភារដែលមិនសូវសំខាន់មួយចំនួន ដូចជាសំលៀកបំពាក់ម៉ាកថ្មីៗ ឬទូរសព្ទទំនើបស៊េរីថ្មី ជាដើម ព្រោះអ្នកនឹងមិនចង់ជាប់បំណុលគេរយៈពេលវែងនោះដែរ ។
៥. រក្សាទំនាក់ទំនងល្អជាមួយម្ចាស់កម្ចី
វាមានសារប្រយោជន៍ណាស់ ដែលអ្នកអាចរក្សាទំនាក់ទំនងល្អជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ/ធនាគារ ចាប់តាំងពីកម្ចីរបស់អ្នកត្រូវបានអនុម័ត និងធ្វើការដកប្រាក់។ ក្នុងអំឡុងពេល ១០ ឆ្នាំ អ្វីៗអាចប្រែប្រួល ដូចជាអត្រាការប្រាក់ ឬផលិតផលរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។ ការរក្សាទំនាក់ទំនងល្អជាមួយអ្នកផ្ដល់កម្ចីអាចធ្វើឲ្យអ្នកងាយស្រួលស្នើសុំប្រាក់កម្ចីបន្ថែម ឬការបន្ថយអត្រាការប្រាក់ជាដើម ។