• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • របៀបក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី

    របៀបក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី

    Posted on: Jun 30, 2023

    មានតិចនិចដែលមានប្រសិទ្ធិភាពមួយចំនួន អាចជួយដល់អ្នកក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី ដូច្នេះលោកអ្នកមានពេលផ្តោតទៅលើគោលដៅហិរញ្ញវត្ថុ។ ជំហ៊ានទាំងនោះអាចជួយអោយលោកអ្នកចាប់ផ្តើមបាន។

    ១. ពិនិត្យលើការចាយវាយឡើងវិញ

    ចាប់ផ្តើមពីការរកមើលខ្ទង់ចំណាយដែលអាចកាត់បន្ថយបាន។ វាមិនចាំបាច់ទាល់តែជាចំនួនដែលច្រើននោះទេ ប៉ុន្តែចំនួននោះវាអាចជួយដល់យើងបញ្ឈប់ក្នុងការបន្ថែមកម្ចី និងអាចឈានដល់ការបង់ផ្តាច់នូវកម្ចីដែលកំពុងជំពាក់ទៀតផង​។ មានវិធីសាស្ត្រច្រើនក្នុងការសន្សំ ទោះបីជាការសន្សំនោះមានចំនួនតិច តែវានឹងផ្តល់ប្រយោជន៍ច្រើនដល់យើង។ ឧទាហរណ៍យកបាយទៅញាំនៅកន្លែងធ្វើការ។ បើអាចទៅរួច គួរទិញធានារ៉ាប់រងរថយន្ត និងធានារ៉ាប់រងអគ្គីភ័យសម្រាប់ផ្ទះផ្គួបបញ្ចូលគ្នាដើម្បីទទួលបានការបញ្ចុះតម្លៃ ជាដើម។ ជ្រើសរើសយកវិធីសាស្ត្រសន្សំមួយ ឬក៏ពីរយកមកអនុវត្ត នៅពេលវាក្លាយទៅជាទម្លាប់ យើងអាចចាប់ផ្តើមសន្សំលើរឿងផ្សេងទៀតបាន។ ប្រាក់ដែលបានពីការសន្សំនេះ យើងអាចយកទៅដោះស្រាយបំណុលបានហើយ។

    ២. រកចំណូលបន្ថែម

    បន្ថែមលើការកាត់បន្ថយចំណាយ យើងអាចស្វែងរកនូវចំណូលបន្ថែម ដើម្បីយកទៅដោះស្រាយបំណុលទាំងនោះ។ យើងអាចរកការងារបន្ថែម ជាការងារដែលត្រូវការពេលខ្លី នៅពេលដែលលោកអ្នកទំនេរ ដូចជាចុះឈ្មោះធ្វើជាអ្នកដឹកទំនិញ ការងារនៅលើប្រពន្ធ័អនឡាញ ឬក៏បង្រៀនក្មេងៗ ជាជម្រើសដែលអ្នកអាចចាប់ផ្តើមវាបានដោយស្រួល។

    ៣. ចាត់ប្រភេទបំណុល

    កត់ត្រាបំណុលដែលលោកអ្នកមានចូលទៅក្នុងបញ្ជីមួយ ដោយដាក់វាតាមលំដាប់រៀង៖ ពីបំណុលដែលមានចំនួនតិចទៅច្រើន ឬពីបំណុលដែលមានការប្រាក់ខ្ពស់ទៅទាប។ នៅពេលដែលយើងមានបញ្ជីបំណុលនៅមួយកន្លែងបែបនេះ វានឹងផ្តល់ភាពងាយស្រួលដល់យើងជ្រើសរើសវិធីក្នុងការបង់ផ្តាច់តាមលំដាប់។

    ៤. ជ្រើសរើសវិធីក្នុងការបង់ផ្តាច់

    មានវិធីច្រើនក្នុងការបង់ផ្តាច់កម្ចី។ អ្នកខ្លះគាត់ជ្រើរើសបង់ផ្តាច់កម្ចីតូចមុន ព្រោះវាធ្វើអោយគាត់សប្បាយចិត្ត និងលើកទឹកចិត្តអោយគាត់ប្រឹងប្រែងបន្ត។ កម្ចីដែលមានការប្រាក់ខ្ពស់ធ្វើអោយយើងខាតបង់ច្រើន។ សូមកុំអំពុលនឹងការជ្រើសរើសវិធីសងនោះពេក ល្គឹកណាយើងរំលស់ដើមអោយនៅតិចបាន ពេលនោះយើងអាចជ្រើសរើសយកវិធីបង់ផ្តាច់ពេលណាក៏បាន។

    ៥. កាត់បន្ថយកម្ចីផ្សេងៗ

    រីហ្វាយនែន អាចជួយអោយអ្នកចំណេញលុយ តាមរយៈការបង់កម្ចីដែលមានការប្រាក់ទាបបើធៀបនឹងកម្ចីមុន។ រីហ្វាយនែន គឺការប្តូរពីកម្ចីបច្ចុប្បន្នដែលមានការប្រាក់ខ្ពស់ ទៅកម្ចីថ្មីដែលមានការប្រាក់ទាប។ ប្រសិនបើលោកអ្នកមានកម្ចីដូចជាកម្ចីម៉ូតូ កម្ចីសិក្សា ឬកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត លោកអ្នកអាច រីហ្វាយនែន កម្ចីទាំងនោះ ហើយបន្ថែមប្រាក់ដែលលោកអ្នកមានក្នុងដៃមួយចំនួនដែលបានមកពីការសន្សំ ដើម្បីបន្ថយរយៈពេលបង់សងសម្រាប់កម្ចីថ្មីនេះ។

    ៦.​ រក្សាកំណត់ត្រាទុក

    រក្សាកំណត់ត្រាចំនួនប្រាក់ដែលបានបង់រំលស់ ឬបង់ផ្តាច់ ដូច្នេះយើងអាចមើលឃើញពីការវិវត្តន៍របស់វា ដែលអាចលើកទឹកចិត្តយើងអោយបន្តកិច្ចការនេះតទៅមុខទៀត ។

    ចែករំលែកទៅកាន់: