បុគ្គលិក ហ្វឺស ហ្វាយនែន បានបរិច្ចាគសម្ភារសិក្សាជូនដល់បឋមសិក្សាក្នុងខេត្តកំពង់ស្ពឺ
ឈរលើគោលបំណងគាំទ្រដល់វិស័យអប់រំ និងជម្រុញបរិយាកាសសិក្សាប្រកបដោយសុខភាព កាលពីថ្ងៃសៅរ៍ទី ១៤ ខែកញ្ញាកន្លងទៅនេះ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានធ្វើការបរិច្ចាគនូវសម្ភារសិក្សាទៅកាន់សាលាបឋមសិក្សា អូរដា ស្ថិតនៅក្នុងភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ការបរិច្ចាគប្រកបដោយក្តីសប្បុរសនេះ គឺដើម្បីចូលរួមចំណែកលើកស្ទួយដល់ការសិក្សារបស់សិស្សនៅក្នុងសាលានោះ ។ សម្ភារដែលបានបរិច្ចាគរួមមាន សៀវភៅសិក្សា ឯកសណ្ឋានកីឡា សម្ភារកីឡា កៅអី ធុងសំរាម និងថវិកាមួយចំនួនទៀត។
ក្រៅពីការផ្តល់នូវសម្ភារសិក្សាបន្ថែមឲ្យបានគ្រប់គ្រាន់ គោលបំណងនៃការបរិច្ចាគគឺដើម្បីបង្កើតបរិយាកាសសិក្សាដល់សិស្សានុសិស្ស ។ ហ្វឺស ហ្វាយនែន សង្ឃឹមថា ការផ្តល់នូវសម្ភារទាំងនេះនឹងជួយជម្រុញឲ្យក្មេងៗ ស្រឡាញ់ការសិក្សា និងខិតខំរៀនបន្ថែមទៀត ព្រមទាំងបង្កើតទំលាប់លេងកីឡា ដែលធ្វើឲ្យមានសុខភាពមាំមួន ។
ការបរិច្ចាគនេះ គឺជាផ្នែកមួយក្នុងកិច្ចការសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយនូវសុខមាលភាពសង្គម និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលនាពេលកន្លងមកគ្រឹះស្ថានបានចូលរួមចំណែកតាមរយៈការកសាងបណ្ណាល័យនៅតាមបណ្តាខេត្ត ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ។