• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • តើការរស់នៅក្នុងផ្ទះដែលចង្អៀត បានជះឥទ្ធិពលអ្វីខ្លះដល់ជីវិតប្រចាំថ្ងៃ?

    តើការរស់នៅក្នុងផ្ទះដែលចង្អៀត បានជះឥទ្ធិពលអ្វីខ្លះដល់ជីវិតប្រចាំថ្ងៃ?

    Posted on: Jul 26, 2024

    នៅក្នុងប្រទេសកម្ពុជា គ្រួសារជាង ៧០% គឺរស់នៅតំបន់ជនបទ ពួកគាត់ពុំសូវជួបប្រទះជាមួយនឹងស្ថានភាពរស់នៅក្នុងសភាពចង្អៀត ឬមានសមាជិកច្រើនកុះករនោះទេ ។ វាផ្ទុយគ្នា ពីស្ថានភាពគ្រួសារដែលរស់នៅក្នុងទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញនេះតែម្តង ដែលជាទូទៅគ្រួសារ តែងតែមានសមាជិកច្រើនកុះកររស់នៅជុំគ្នាក្នុងផ្ទះតែមួយ ។

    មិនមាននិយមន័យស្តង់ដារជាសកលណាមួយដែលកំណត់ថា" គ្រួសារមួយមានស្ថានភាព ចង្អៀត ឬមានសមាជិកច្រើនកុះករ" នោះទេ ដោយសារកម្រិតនៃពាក្យថាចង្អៀត ឬច្រើនកុះករ អាចប្រែប្រួលអាស្រ័យទៅតាមបរិបទ និងការរួមផ្សំពីកត្តាមួយចំនួនដូចជា វប្បធម៌ សមាសភាពគ្រួសារ និងប្រភេទនៃលំនៅដ្ឋាន ។ ប៉ុន្តែអ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយភាគច្រើន បានប្រើប្រាស់គោលការណ៍មួយចំនួនក្នុងការកំណត់ថាគ្រួសារមួយមានស្ថានភាពចង្អៀត ឬមានសមាជិកច្រើនកុះករ ដូចខាងក្រោម៖

    សមាជិកច្រើនជាង ១ នាក់ក្នុងមួយបន្ទប់ (មិនរាប់បញ្ចូលបន្ទប់ទឹក និងផ្ទះបាយ)

    សមាជិកច្រើនជាង ២ នាក់ក្នុងមួយបន្ទប់គេង ជាពិសេសប្រសិនបើពួកគេមិនត្រូវជាអ្វីនឹងគ្នា (ឧ. ក្មេងជំទង់)

    បរិវេណក្នុងការរស់នៅមានទំហំតិចជាង ១៥០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់

    ការរស់នៅក្នុងគ្រួសារដែលមានស្ថានភាពចង្អៀត ឬមានសមាជិកច្រើនកុះករ បានជះឥទ្ធិពលទៅលើផ្នែកផ្សេងនៃជីវភាពរស់នៅប្រចាំថ្ងៃ មិនថាជីវិតបុគ្គល និងសមាជិកនៃគ្រួសារទាំងមូល ។ ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗមួយចំនួន ៖

    . បរិវេណរស់នៅសម្រាប់រូបរាងកាយ និងឯកជនភាព ៖

    • កន្លែងផ្ទាល់ខ្លួនមានកំណត់ និងកង្វះឯកជនភាពអាចនាំឱ្យមានអារម្មណ៍ធុញទ្រាន់ តានតឹង និងមិនសប្បាយក្នុងចិត្ត ជាពិសេសចំពោះមនុស្សវ័យជំទង់ និងមនុស្សពេញវ័យនេះតែម្តង ។
    • កង្វះខាតទីធ្លាជាឯកជនភាពសម្រាប់ការសិក្សា ការសម្រាកលំហែកាយ ឬសកម្មភាពផ្ទាល់ខ្លួនអាចរារាំងដល់ការអភិវឌ្ឍន៍ និងសុខុមាលភាពបុគ្គល ។

    . សុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍ ៖

    • ភាពចង្អៀតណែនអាចបង្កជាជម្លោះ ភាពតានតឹង និងបញ្ហាប្រឈមផ្សេងៗរវាងបុគ្គលនិងបុគ្គលនៅក្នុងគ្រួសារ ។
    • កង្វះទីធ្លាផ្ទាល់ខ្លួន និងឯកជនភាពអាចធ្វើឲ្យអារម្មណ៍ឆាប់ខឹង ថប់បារម្ភ និងការបាក់ទឹកចិត្ត ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់ៗ ។
    • ដោយសារមានសមាជិកច្រើនអាចធ្វើឱ្យពិបាកក្នុងការស្វែងរកពេលវេលាស្ងប់ស្ងាត់សម្រាប់ផ្ទាល់ខ្លួន ការសំរាកលំហែ និងការគ្រប់គ្រងនូវផ្លូវអារម្មណ៍ ។

    ៣. សុខភាព និងអនាម័យ ៖

    • ភាពចង្អៀតណែនតាន់តាប់ អាចរីករាលដាលជំងឺឆ្លងកាន់តែងាយស្រួល ដោយសារតែមិនសូវមានគម្លាតពីគ្នា ហើយប្រើរបស់រួម (ឧទាហរណ៍ ៖ ក្នុងបន្ទប់ទឹក ឬសម្ភារក្នុងផ្ទះបាយជាដើម) ។
    • ពិបាក និងមានបញ្ហាប្រឈមក្នុងការរក្សាអនាម័យ និងការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ ។
    • កង្វះកន្លែងផ្ទាល់ខ្លួន និងប្រើប្រាស់របស់រួមគ្នា ក៏អាចរួមចំណែកដល់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗទៀតផងដែរ ។

    . ការអប់រំ និងការសិក្សា៖

    • កុមារនៅក្នុងគ្រួសារដែលមានសមាជិកច្រើនអាចមានការលំបាកក្នុង ការរក្សាការគិត ការផ្តោតអារម្មណ៍ និងការផ្ចង់ស្មារី ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការសិក្សារបស់ពួកគេ ។
    • កង្វះកន្លែងសិក្សា និងកង្វះបរិយាកាសស្ងប់ស្ងាត់ អាចរារាំងសមត្ថភាពរបស់កុមារក្នុងការបំពេញកិច្ចការមកពីសាលា គម្រោងកិច្ចការសាលានានា និងការរៀបចំខ្លួនសម្រាប់ការប្រឡងផ្សេងៗ ។

    . កាអភិវឌ្ឍន៍នៃអាកប្បកិរិយា និងការចូលរួមក្នុងសង្គម ៖

    • ភាពចង្អៀតណែនអាចនាំឱ្យមានការប្រជែងគ្នាជាបងប្អូនបង្កើតកាន់តែច្រើនឡើង ដោយសារកុមារប្រកួតប្រជែងដើម្បីការយកចិត្តទុកដាក់ស្រឡាញ់ពីឪពុកម្តាយ និងឈានដល់ការដណ្តើមទ្រព្យពីគ្នាទៀតផង ។
    • កន្លែងផ្ទាល់ខ្លួនមានកំណត់ និងវត្តមានជាប្រចាំរបស់អ្នកផ្សេងអាចរារាំងដល់ ការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងសង្គម សមត្ថភាពដោះស្រាយជម្លោះ និងសមត្ថភាពក្នុងការបង្កើតដែនសុខមាលភាពផ្ទាល់ខ្លួន ។
    • កុមារនៅក្នុងគ្រួសារដែលមានសមាជិកច្រើនអាចមានឱកាសតិចតួចក្នុងការធ្វើអ្វីម្យ៉ាងដោយខ្លួនឯង ការរុករកអ្វីដែលថ្មីៗ ការចាប់អារម្មណ៍ចង់ទទួលបានបទពិសោធន៍ថ្មីៗ និងសកម្មភាពជាចំណង់ចំណូលចិត្តរបស់ពួកគេ ។

    . ភាពរឹងមាំនៃចំណងគ្រួសារ និងការកសាងទំនាក់ទំនង ៖

    • ភាពចង្អៀតណែនតាន់តាប់អាចធ្វើអោយទំនាក់ទំនងក្នុងគ្រួសារមានភាពតានតឹង នាំអោយមានជម្លោះ ការអាក់អន់ចិត្ត និងកង្វះការចុះសម្រុងរវាងគ្នានិងគ្នាក្នុងគ្រួសារ ។
    • ការនៅក្បែរគ្នាជាប្រចាំ និងកង្វះកន្លែងផ្ទាល់ខ្លួនអាចធ្វើឱ្យវាកាន់តែពិបាកសម្រាប់សមាជិកគ្រួសារក្នុងការបង្កើត និងរក្សាដែនសុខមាលភាពផ្ទាល់ខ្លួន វាក៏អាចប៉ះពាល់ដល់ទំនាក់ទំនង និងភាពរឹងមាំនៃចំណងគ្រួសារទាំងមូលផងដែរ ។

    សូមបញ្ជាក់ឲ្យបានជ្រាបថា ផលប៉ះពាល់ជាក់ស្តែង សម្រាប់គ្រួសារមួយដែលមានសមាជិកច្រើនកុះករ អាចប្រែប្រួលពីគ្រួសារមួយទៅគ្រួសារមួយ អាស្រ័យលើកត្តាមួយចំនួនដូចជា បរិបទវប្បធម៌ រចនាសម្ពន្ធ័គ្រួសារ ស្ថានភាពសេដ្ឋកិច្ចសង្គម វត្តមាននៃធនធានសហគមន៍ និងប្រព័ន្ធគាំទ្រផ្សេងៗ ។ ការដោះស្រាយបញ្ហាប្រឈមសម្រាប់គ្រួសារដែលមានសមាជិកច្រើន អាចតម្រូវឱ្យប្រើប្រាស់វិធីសាស្រ្តចម្រុះ រួមទាំងផ្លូវកាយ ផ្លូវចិត្ត និងមានការចូលរួមពីសង្គម ។

    លោកអ្នកអាចចុចទីនេះបានដើម្បីយល់ដឹងថា "តើលោកអ្នកអាចគ្រប់គ្រងដោយរបៀបណាដែរ ប្រសិនជាលោកអ្នកកំពុងរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ?"

    ចែករំលែកទៅកាន់: