• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះ និងអត្ថប្រយោជន៍នៃការធ្វើផែនការថវិកាគ្រួសារ

    គន្លឹះ និងអត្ថប្រយោជន៍នៃការធ្វើផែនការថវិកាគ្រួសារ

    Posted on: Jul 10, 2023

    ហេតុអ្វីបានជាគិតថាផែនការថវិកាគ្រួសារជារឿងដែលល្អ? ការរៀបចំផែនការថវិកាគ្រួសារមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងថវិការបស់គ្រួសារលោកអ្នក។ ដោយសារតែផែនការថវិកាបានជួយលោកអ្នកក្នុងការ៖

    • ចំណាយបានត្រឹមត្រូវទៅលើរបស់ដែលចាំបាច់-ដែលទាំងនោះយើងហៅថា ជាតម្រូវការ ដែលចាំបាច់មិនអាចខ្វះបានរបស់លោកអ្នក
    • សន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលលោកអ្នកចូលចិត្ត ឬ ស្រឡាញ់ តែលោកអ្នកអាចរស់ដោយគ្មានវាបាន-ដែលទាំងនោះហើយហៅថា ជាបំណងប្រាថ្នាចង់បានរបស់លោកអ្នក
    • ទុកដាក់លុយមួយផ្នែកផ្សេងទៀតសម្រាប់ការចំណាយដែលកើតឡើងដោយមិនបានរំពឹងទុក-ឧទាហរណ៍៖ ឡាន ឬម៉ូតូលោកអ្នកខូច ត្រូវការជួសជុលជាដើម។
    • ទប់ស្កាត់ការចំណាយខ្ជះខ្ជាយដោយមិនបានគ្រងទុកជាមុន

    ការរៀបចំចាត់ចែងថវិកាសម្រាប់ការចំណាយ ប្រចាំថ្ងៃរបស់លោកអ្នកដូចជាសម្រាប់ អាហារបីពេល, របស់ប្រើប្រាស់ក្នុងផ្ទះ, ទឹកភ្លើង, សាំង, សេវាទូរស័ព្ទ និងសេវាព្យាបាលផ្សេងៗ វានឹងជួយលោកអ្នក អាចសល់នូវប្រាក់ខ្លះក្នុងការរៀបចំថវិកាសម្រាប់បម្រុងសម្រាប់ដោះស្រាយបញ្ហានៅពេលគ្រាអាសន្នមកដល់ ដែលមិនបានគ្រោងទុកមុន។

    ការចាប់ផ្តើមរៀបផែនការថវិកា

    មូលដ្ឋានសំខាន់ក្នុងការរៀបចំផែនការថវិកាគឺ យល់ដឹងអំពីរគោលការណ៍នៃការចាយវាយ​ នោះគឺ ការព្យាយាមចាយអោយតិចជាងចំណូលដែលរកបាន ។

    វិធីមួយនៃការចាប់ផ្តើមរៀបចំផែនការថវិកា គឺអ្នកត្រូវកត់ត្រារៀបរាប់រាល់ចំណូលដែលរកបាន ខ្ទង់​ចំណាយ រួមទាំងបំណុលផងដែរ។ ការធ្វើបែបនេះ អាចជួយ​អោយលោកអ្នក​អាចមើល​ដឹងពីចំណូល​ជាក់លាក់របស់អ្នកនៅអតីតកាលបាន។ សូមព្យាយាមពិនិត្យទៅលើខ្ទង់ចំណាយ និងចំណូលនៅក្នុងឆ្នាំដែលកន្លងមក ដើម្បីស្វែងយល់ពីប្រភពចំណូល និងពីទំលាប់នៃការចាយវាយរបស់យើង។ វាជាការល្អប្រសិនបើយើងអាចពិនិត្យលើមូលហេតុដែលធ្វើអោយចំណាយកើនឡើងនៅតាមឆ្នាំ ឬរដូវកាលនីមួយៗ។​ ឧទាហរណ៍ការពិនិត្យរកឃើញថាជាទូទៅចំណាយលើភ្លើងតែងកើនឡើងនៅរដូវក្តៅនៅពេលដែលយើងប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ច្រើន ។

    ដូច្នេះក្រោយពេលដែលលោកអ្នកចាត់ចែងថវិកា ឬខ្ទង់ចំណាយសម្រាប់វត្ថុដែលចាំបាច់ និងថវិកាដែលនឹងត្រូវប្រើប្រាស់នាគ្រាអាសន្នរួចរាល់ ពេលនោះលោកអ្នកអាចយកថវិកាមួយចំណែកសម្រាប់សន្សំដើម្បីរបស់ដែលលោកអ្នកប្រាថ្នា បានហើយ ។

    កិច្ចការដំបូងឆ្ពោះទៅរកការគ្រប់គ្រងថវិកា គឺការរៀបចំខ្ទង់ចំណាយ

    អ្វីដែលពិបាកក្នុងការរៀបចំផែនការថវិកា និងគ្រប់គ្រងថវិកានោះគឺការកត់ត្រា និងអង្កេតលើការចំណាយ​របស់លោកអ្នក។ ចំណាយចែកចេញជាពីរ ចំណាយទៀតទាត់ថេរ (ចំណាយថេរ) ឬ ឡើងចុះ (ចំណាយអថេរ)។ ទាំងនេះគឺជា ចំណាយថេរដែលអ្នកប្រហែលជាត្រូវបញ្ជូលក្នុងផែនការថវិកាសម្រាប់គ្រួសារបាន៖

    • ការបង់រំលោះផ្ទះ ឬថ្លៃជួលផ្សេងៗ
    • ទឹកភ្លើង-សាំង, អគ្គិសនី, ទឹក, សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណែត
    • ការបង់សេវា និងពន្ធ
    • ថ្លៃសាលា
    • សេវាធានារ៉ាប់រងសុខភាព, ឡាន និងផ្ទះ
    • ការធ្វើដំណើរប្រើប្រាស់សេវាសាធារណៈ
    • ថ្លៃក្នុងការចាយវាយកាតឥណទាន និងបង់សងកម្ចីផ្ទាល់ខ្លួន

    នេះគឺជាការចំណាយអថេរដែលអ្នកគួរតែរាប់បញ្ចូលក្នុងផែនការថវិកាគ្រួសាររបស់លោកអ្នក៖

    • ចំណីអាហារ
    • ការថែទាំជួសជុលផ្ទះ និងរបស់របស់ប្រើប្រាស់ក្នុងផ្ទះ
    • ថ្នាំសង្កូវ និងការព្យាបាលផ្សេងៗ
    • ការជួសជុលឡាន និងសាំង
    • របស់ប្រើប្រាស់ប្រចាំកាយ និង ការកាត់សក់
    • សេវាការចុះឈ្មោះជាសមាជិក និងការប្រើឧបករណ៍ផ្សេងៗ-ឧទាហរណ៍, សម្រាប់កីឡា, បទចម្រៀង ឬថ្នាក់បង្រៀនរាំ
    • វិសមកាលផ្សេងៗ ការកម្សាន្តផ្សេងៗ កាដូរ-ឧទាហរណ៍, សម្រាប់ថ្ងៃខួបកំណើត ឬ អាពាហ៍ពិពាហ៍ជាដើម
    • ផ្សេងៗទៀតដូចជាការផ្តល់នូវកាដូរជូនខ្លួនលោកអ្នក និងគ្រួសាររបស់លោកអ្នក

    ប្រសិនបើចំណួលអាចទៅរួច គួរលួចដំឡើងថវិកាខ្លះទៅលើខ្ទង់ចំណាយដែលចាំបាច់ ព្រោះវាអាចអោយយើងរកឃើញពីចំណាយដែលបន្ថែម ។

    គន្លឹះសំខាន់នៃការគ្រប់គ្រងថវិកា គឺជាការរៀបចំផែនការសន្សំ និងសន្សំសំចៃក្នុងការចាយវាយ

    ផែនការថវិកា នឹងបង្ហាញពីការចំណាយរបស់លោកអ្នក ថាតើលោកអ្នក កំពុងចាយវាយលើស ឬតិចជាងចំណូលដែលរកបាន ។​ ប្រសិនបើបច្ចុប្បន្ននេះ លោកអ្នកកំពុងតែចាយលើស វានឹងជម្រុញអោយយើង​បានអង្គុយចុះពិភាក្សាជាមួយសមាជិកគ្រួសារ ថាតើត្រូវសន្សំសំចៃពីកន្លែងណាមកមុន។​ ប្រសិនបើអ្នកកំពុង​ចាយក្រោម​ចំណូលរបស់អ្នករកបាន លោកអ្នកអាចសិក្សាថាតើគួរយកលុយដែលសល់ទៅសន្សំរបៀបណា (សន្សំនៅផ្ទះ ឬដាក់ធនាគារ) និងគិតថាតើយកប្រាក់សន្សំនោះ ចាយទៅលើអ្វី ហើយចាយ​ដោយ​របៀប​ណាដែរ។

    ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់ធ្វើផែនការសន្សំ៖

    • ពិនិត្យឡើងវិញលើខ្ទង់ចំណាយរបស់លោកអ្នក៖ ពិនិត្យមើលថាតើយើងបានព្យាយាមសន្សំអោយបានច្រើនតាមការដែលអាចធ្វើទៅបានហើយឬនៅ? តើអាចកាត់បន្ថយចំណាយលើខ្ទង់ណាមួយទៀតបានដែរទេ? ពិនិត្យមើលថាតើមានក្រេឌីតកាត ឬកម្ចីផ្សេងទៀតដែលមានការប្រាក់ថ្លៃដែរឬទេ? ​តើយើងអាចបង់ផ្តាច់អោយបានឆាប់ ហើយស្វែងរកកន្លែងផ្សេងដែលមានការប្រាក់ល្អជាងនេះបានទេ? វាជារឿងដែលល្អ ប្រសិនបើយើងធ្វើកិច្ចការនេះជាប្រចាំបាន។
    • បង្កើតអោយមានចន្លោះបន្ថែមសម្រាប់ការសន្សំ៖ វាជារឿងសំខាន់ណាស់ក្នុងការដកយកលុយមួយចំណែកមកសន្សំទុកសម្រាប់គ្រាអាសន្ន មុនពេលលោកអ្នកចាប់ផ្តើមសន្សំ​ ដើម្បីទិញរបស់​ដែល​អ្នកប្រាថ្នាចង់បាន។ ឧទាហរណ៍៖ លោកអ្នកអាចកំណត់គោលដៅសន្សំ តាមរយៈ​ការដាក់ប្រាក់សន្សំទៅក្នុងគណនី​សន្សំ​មួយផ្សេងទៀតដាច់ដោយឡែកពីគណនីដែលយើងប្រើប្រាស់ជាប្រចាំ ទុកសម្រាប់ដាក់ថវិកាពេលមានអាសន្ន។
    • កំណត់គោលដៅនៃការសន្សំ៖ អ្វីជាគោលបំណងក្នុងការសន្សំរបស់អ្នក? តើអ្នកត្រូវការថវិកា​ប៉ុន្មាន​​ដើម្បី សម្រេចនូវគោលបំណងរបស់អ្នក? ដាក់កាលបរិច្ឆេទផុតកំណត់សម្រាប់ក្នុងការសម្រេចគោលដៅ៖ ដាក់ពេលវេលាជាក់លាក់ណាមួយដែលអាចទទួលយក បាន​សម្រាប់​​​ខ្លួនលោក​អ្នក ព្រោះការសន្សំ អាចធ្វើជារៀងរហូត។ ត្រូវប្រាកដថាអាចធ្វើបាន ប៉ុន្តែត្រូវតែប្រាកដថា កុំធ្វើ​អោយ​​ខ្លួន​មាន​សម្ពាធបន្ថែម។
    • បើកគណនីសន្សំណាមួយដែលពុំគិតថ្លៃសេវា៖ គណនីនេះ គប្បីនៅដាច់ដោយឡែកពីគណនី​គោល ឬចម្បងរបស់អ្នក។ លោកអ្នក អាចប្រើប្រាស់គណនីនេះ​សម្រាប់តែសន្សំ​ប៉ុណ្ណោះ។ លោកអ្នកអាច កំណត់អោយវាផ្ទេរប្រាក់ដោយផ្ទាល់ចេញពីគណនីចម្បងដោយទៀតទាត់ចូលទៅក្នុងគណនីសន្សំបាន។

    នៅពេលណាមួយដែលអ្នកបានចាប់ផ្តើមមានផែនការសន្សំ, វាជាការល្អដែលត្រូវ​ត្រួតពិនិត្យ​​មើលទៅ លើគុណសម្បត្តិ និងគុណវិបត្តិមុនពេលអ្នកចាប់ផ្តើមធ្វើវា។ ធ្វើរបៀបនេះ​អ្នកអាច​​យល់​ច្បាស់ពី​ឥទ្ធិពល​ដែលផ្តល់ផលប៉ះពាល់ដល់ស្ថានភាពគ្រួសាររបស់លោកអ្នក។ ប្រសិនបើអ្នកមិនទាន់ច្បាស់លើផ្នែកណាមួយនៃការធ្វើផែនការ លោកអ្នកអាចស្វែងរកការប្រឹក្សាពីអ្នកជំនាញ ឬត្រួតពិនិត្យសារ​ឡើងវិញ​លើការគណនារបស់លោកអ្នកមុននឹងអ្នកចាប់ផ្តើមធ្វើវា។

    ចែករំលែកទៅកាន់: