តើហេតុអ្វីបានជាអ្នកនៅលីវគួរទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន?
ប្រជាជនកម្ពុជាដែលនៅលីវភាគច្រើនមិនមានផ្ទះផ្ទាល់ខ្លួននោះទេ មុនពេលពួកគេរៀបការ។ ពួកគេតែងតែគិតថា ការទិញផ្ទះ ឬខុនដូ គឺជារឿងដែលពួកគេគួធ្វើបន្ទាប់ពីរៀបការ។ ពួកគេយល់ឃើញថា ជីវិតនៅលីវរបស់ពួកគេគួតែសប្បាយនឹងអ្វីដែលពួកគេអាចរកបាន ដោយពុំចាំបាច់ខ្វល់ខ្វាយនឹងការសងបំណុលក្នុងការទិញផ្ទះ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ប្រថុយប្រថានក្នុងការយកកម្ចីទិញផ្ទះតែម្នាក់ឯង។ ទោះបីយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនៅលីវមួយចំនួនបានសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួន នៅពេលពួកគេមានប្រាក់គ្រប់គ្រាន់ដោយខ្លួនឯង ឬនៅពេលពួកគេគិតថាអាចមានលទ្ធភាពខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយ។ មានហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកនៅលីវសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួនមុនពេលពួកគេរៀបការ។
១. ពួកគេត្រូវការភាពម្ចាស់ការ
អ្នកនៅលីវ ជាពិសេសបុរស ពួកគេចង់ទិញផ្ទះ ឬខុនដូ នៅពេលពួកគេមានអារម្មណ៍ថា មិនចង់រស់នៅជាមួយឳពុកម្ដាយតទៅទៀត។ ពួកគេយល់ថា នៅពេលដែលមានផ្ទះ/ខុនដូផ្ទាល់ខ្លួន ពួកគេអាចត្រឡប់មកផ្ទះនៅពេលយប់បន្តិចក៏បាន ដោយមិនចាំបាច់រំខានដល់ឳពុកម្ដាយចាំបើកទ្វាឲ្យនោះទេ។ ជាធម្មតាគឺពួកគេឈានដល់វ័យ ដែលចង់ធ្វើអ្វីៗដោយភាពម្ចាស់ការផ្ទាល់ខ្លួន។
២. មានមោទនភាព
ការមានកម្មសិទ្ធលើផ្ទះ/ខុនដូផ្ទាល់ខ្លួននៅពេលនៅលីវ ធ្វើឲ្យពូកគេ និងអ្នកនៅជំវិញខ្លួនមានមោទនភាពនឹងសមត្ថភាពរបស់ពួកគេ ខណៈដែលមានមនុស្សមិនច្រើនទេដែលអាចធ្វើបានដូចពួកគេ។ នេះអាចជាហេតុផលមួយជំរុញឲ្យពួកគេធ្វើការងារកាន់តែបានល្អ អាចរកប្រាក់ចំណូលបានកាន់តែច្រើន និងទទួលបានជោគជ័យក្នុងជីវិតរបស់ពួកគេ។
៣. កម្មសិទ្ធផ្ទាល់ខ្លួន
នៅពេលពួកគេរស់នៅក្នុងផ្ទះ/ខុនដូផ្ទាល់ខ្លួន ពួកគេនឹងអាចធ្វើការកែកុន ឬតុបតែងគ្រប់កន្លែងតាមការពេញចិត្តរបស់គេ។ លើសពីនេះទៀត គេអាចទិញគ្រឿងសង្ហារឹមណាមួយដាក់ក៏បាន។ ផ្ទុយទៅវិញ នៅពេលពួកគេរស់នៅក្នុងបន្ទប់ ឬផ្ទះជួល ពួកគេនឹងមិនអាចធ្វើអ្វីបាននោះទេ ហើយទោះបីពួកគេជួលយូរប៉ុណ្ណា បន្ទប់ ឬផ្ទះជួលក៏នៅតែជារបស់គេដដែល។
៤. ចាប់ផ្ដើមសន្សំជាងមុន
ផ្ទះ ឬខុនដូដែលមានគុណភាពតែងតែមានតម្លៃខ្ពស់ ! នៅពេលពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនដ៏ច្រើនដើម្បីទិញអ្វីមួយ ឬដើម្បីបង់សងកម្ចីទិញផ្ទះ ឬកម្ចីផ្ទាល់ខ្លួនណាមួយ ពេលនោះដែរ ពូកគេនឹងអាចតាំងចិត្តខ្លួនឯងក្នុងការកាត់បន្ថយការចំណាយលើតម្រូវការមិនចាំបាច់មួយចំនួន ដូចជាសំលៀកបំពាក់ម៉ាកថ្មី ការចេញដើរលេងពេលយប់ ពីព្រោះគេ មិនចង់ជាប់បំណុល រយៈពេលវែងនោះទេ។
៥. វត្តមាននៃសេវាកម្ចីទិញផ្ទះ
ដំបូងពួកគេចាប់ផ្ដើមគណនាចំនួនលុយដែលមានក្នុងដៃ ដើម្បីឲ្យដឹងថា តើចំនួនលុយនោះអាចគ្រប់ក្នុងការទិញផ្ទះបានដែរឬទេ។ ប្រសិនបើ ប្រាក់ដែលគេមានមិនគ្រប់ គេចាប់ផ្តើមពិចារណាយកកម្ចីសម្រាប់ទិញលំនៅដ្ឋានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយដែលមានអត្រាការប្រាក់ និងលក្ខខណ្ឌសមស្រប ទៅតាមចំណូល និងស្ថេរភាពនៃការងាររបស់ពួកគេ។