ហ្វឺស ហ្វាយនែន បើកដំណើរសាខាថ្មី ចំនួន ៦ បន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – ០៤ មីនា ឆ្នាំ ២០២៥ ហ្វឺស ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា មានឯកទេសក្នុងការផ្តល់កម្ចីលំនៅឋានខ្នាតតូច សម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម បានបើកដំណើរការសាខាថ្មីចំនួន ៦ បន្ថែមទៀត ដែលមានទីតាំងនៅទីរួមខេត្តតាកែវ, ព្រៃវែង, ស្វាយរៀង, កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំ។ ការពង្រីកតំបន់ប្រតិបត្តិការនេះ គឺស្របទៅតាមបេសកកម្មរបស់ខ្លួនក្នុងការនាំយកដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋានខ្នាតតូច ចូលឲ្យកាន់តែកៀកនឹងសហគមន៍ដែលកំពុងមានតម្រូវការ នៅទូទាំងប្រទេសកម្ពុជា។
សាខាថ្មីទាំងនេះត្រូវបានកំណត់ទីតាំងប្រកបដោយយុទ្ធសាស្ត្រ ដើម្បីធានាថាប្រជាជនជាច្រើនទៀត ជាពិសេសគ្រួសារដែលមានចំណូលទាប និងមធ្យម អាចអញ្ជើញមកទទួលសេវាប្រាក់កម្ចីលំនៅឋានខ្នាតតូចនេះ បានកាន់តែទូលាយជាងមុន។ គោលបំណងនៃការប្រើប្រាស់សេវាកម្ចីលំនៅឋាននេះ គឺដើម្បីកែប្រែស្ថានភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការយកទៅប្រើប្រាស់ក្នុងការសាងសង់ផ្ទះ កែលម្អ ឬទិញផ្ទះ ជាដើម។
ការផ្តល់ឱកាសដើម្បីកសាងអនាគតល្អប្រសើរ
ការមានផ្ទះប្រកបដោយសុវត្ថិភាព និងមានសន្តិសុខគ្រប់គ្រាន់ គឺជាតម្រូវការមូលដ្ឋានរបស់មនុស្សម្នាក់ៗ ហេតុដូចនេះហើយចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ននេះ ហ្វឺស ហ្វាយនែន នៅតែបន្តការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យប្រាកដថាគ្រប់ប្រជាជនកម្ពុជាអាចមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានរស់នៅក្នុងលក្ខខណ្ឌជីវភាពមួយប្រសើរឡើង ។ ការពង្រីកបន្ថែមសាខាទាំង ៦នេះ គឺសង្ឃឹមថានឹងអាចនាំយកសេវាកម្ចីលំនៅឋានខ្នាតតូចចូលឲ្យកាន់តែកៀកទៅកាន់សហគមន៍ដែលកំពុងមានតម្រូវការ ដើម្បីឲ្យពួកគាត់អាចកសាងអនាគតមួយដ៏ប្រសើរ។
បម្រើសេវាទៅដល់សហគមន៍ដែលភាគច្រើនត្រូវបានគេមើលរំលង
សាខាថ្មីទាំង ៦ នេះ ត្រូវបានបើកដំណើរការជាផ្លូវការហើយ និងបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាទៅដល់អតិថិជនរបស់ខ្លួន។ សាខាទាំងនោះមានទីតាំង នៅខេត្តតាកែវ, ព្រៃវែង, ស្វាយរៀង, កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំ តាមរយៈវត្តមាននេះ អាចនឹងជួយសម្រួលដល់ការស្វែងរកសេវាកម្ចីលំនៅឋានខ្នាតតូច កាន់តែមានភាពងាយស្រួលទាំងនៅក្នុងតំបន់ប្រជុំជន និងនៅតាមជនបទ ដែលជាទូទៅសេវាកម្ចីប្រភេទនេះ មានកំណត់នៅតាមតំបន់ខ្លះ។
បន្ថែមទៅលើការផ្តល់ហិរញ្ញវត្ថុផ្នែកលំនៅឋានខ្នាតតូច ហ្វឺស ហ្វាយនែន ក៏បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍសហគមន៍ទាំងមូល តាមរយៈការផ្តល់ឱកាសដល់ពួកគាត់អាចបង្កើតបរិយាកាសរស់នៅមួយដែលពោរពេញទៅដោយសុវត្ថិភាព និងផាសុខភាព។
សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នក
សម្រាប់ក្រុមគ្រួសារដែលមានទីលំនៅ នៅក្នុងខេត្តទាំងនេះ អាចអញ្ជើញទៅកាន់សាខា ហ្វឺស ហ្វាយនែន ដែលនៅជិត ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍នៃប្រាក់កម្ចីលំនៅឋានខ្នាតតូច។ បុគ្គលិកជំនាញនៅតាមសាខាទាំងនោះនឹងផ្តល់ការប្រឹក្សាបន្ថែមលម្អិតពីដំណើរការក្នុងការស្នើកម្ចីដែលមានភាពបត់បែន។
