• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងធ្វើអាជីវកម្ម

    គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងធ្វើអាជីវកម្ម

    Posted on: Jul 07, 2023

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី?

    គោលបំណង

    មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។

    សំនួរ៖ តើប្រភេទអាជីវកម្មអ្វីដែលលោកអ្នកចង់ធ្វើ?​

    តើអាជីវកម្មនោះជាការលក់ទំនិញឬក៏ផ្តល់សេវា?​ តើវានឹងជាកន្លែងដែលជួបជាមួយអតិថិជនផ្ទាល់ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការ? តើវាត្រូវការទំហំប៉ុណ្ណា? តើនឹងមានមនុស្សប៉ុន្មាននាក់ធ្វើការនៅទីនោះ? តើលោកអ្នករំពឹងថានឹងត្រូវការអតិថិជនប៉ុន្មានដើម្បីឲ្យអាជីវកម្មមួយនេះដំណើរការ?

    សំនួរ៖ តើនរណាជាអតិថិជនគោលដៅរបស់លោកអ្នក?

    យើងអាចចាត់ថ្នាក់អតិថិជនតាមច្រើនប្រភេទ៖

    • ចំណូល៖ ទាប មធ្យម ខ្ពស់
    • អាយុ៖ 0-5, 6-12, 13-18, 19-30, 31-50
    • ការផ្សារភ្ជាប់ជាមួយអតិថិជន៖ អតិថិជនមកកន្លែងអាជីវកម្មលោកអ្នកដោយផ្ទាល់ ឬតាមទូរសព្ទ ឬប្រើអ៊ីនធើណេត​ (គេហទំព័រ បណ្តាញសង្គម)
    • ប្រភេទអតិថិជន៖ អ្នកលក់ដុំ អ្នកលក់រាយ អ្នកប្រើប្រាស់ លោកអ្នកអាចពិចារណាតាមរយៈប្រភេទចំណាត់ថ្នាក់ដូចខាងលើដើម្បីមើលថាតើផ្ទះដែលលោកអ្នកចង់ទិញនោះសាកសមសម្រាប់អាជីវកម្មដែរឬទេ?​

    សំនួរ៖ តើអាជីវកម្មលោកអ្នកមានទំហំប៉ុណ្ណាដែរ?

    ដើម្បីដឹងថាតើអាជីវកម្មធំប៉ុណ្ណាយើងអាចវិភាគលើដើមទុននិងទ្រព្យដែលបានវិនិយោគចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបច្ចុប្បន្ន។ តែអ្វីដែលអ្នកគួរពិចារណានោះគឺទំហំនិងប្រភេទនៃផ្ទះដែលលោកអ្នកចង់ទិញក្នុងគោលបំណងអាជីវកម្មនោះ ថាតើវាសាកសមដែរឬទេ? ដូចគ្នាជាមួយនឹងគោលបំណងនៃការទិញសម្រាប់រស់នៅដែរ លោកអ្នកគួរតែប្រើវាឲ្យអស់លទ្ធភាព។​

    សំនួរ៖ តើលោកអ្នកមានផែនការអាជីវកម្មដូចម្តេចដែរ?​

    វាសំខាន់ណាស់ដែលលោកអ្នកគួរពិចារណាទុកជាមុនថាតើផ្ទះនោះនឹងបន្តរប្រើប្រាស់សម្រាប់អាជីវកម្មរបស់លោកអ្នកបានរយៈពេលប៉ុណ្ណា។ ក្នុងករណីបើអាជីវកម្មនោះរីកចម្រើនឬមិនរីកចម្រើន តើអាជីវកម្មនឹងប៉ះពាល់ដល់ផ្ទះយ៉ាងដូចម្តេច ហើយ ផ្ទុយមកវិញតើផ្ទះធ្វើឲ្យប៉ះពាល់ដល់ភាពរីកចម្រើនរបស់អាជីវកម្មយ៉ាងដូចម្តេច?

    ទីតាំង

    សំនួរ៖ តើវាមានទីតាំងនៅឯណា?​

    ទីតាំងគួរតែជាកន្លែងដែលងាយស្រួលរក និងអាចងាយរកឃើញ បើទោះវាជាកន្លែងសម្រាប់ជួបជាមួយអតិថិជនផ្ទាល់ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការក៏ដោយ។

    សំនួរ៖ តើទីតាំងនោះភា្ជប់ផ្លូវទៅកាន់ស្ថាប័នផ្សេងទៀតយ៉ាងដូចម្តេចដែរ?​

    ស្ថាប័នដូចជាសាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាង និងកន្លែងសំខាន់ៗទៀត សុទ្ធតែជាស្ថាប័នដែលត្រូវពិចារណាថាតើអតិថិជនលោកអ្នកមកពីស្ថាប័នមួយណា និងយ៉ាងដូចម្តេច។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវរកទីតាំងណាដែលអាចភា្ជប់ទំនាក់ទំនងបានល្អទៅស្ថាប័នដែលជាប្រភពធនធានអតិថិជនលោកអ្នក។

    សំនួរ៖ តើទីតាំងនោះមានភាពមមាញឹកប៉ុណ្ណា?​

    តើពេលមមាញឹកបំផុតមានលក្ខណៈ​ដូចម្តេចដែរ? ទីតាំងមមាញឹកអាចមានគុណសម្បត្តិនិងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ បើសិនជាមានចរាចរណ៍យ៉ាងមមាញឹកនៅជិតឬនៅមុខកន្លែងរបស់លោកអ្នកនោះវាអាចប៉ះមិនល្អដល់អាជីវកម្មលោកអ្នក តែបើទីនោះជាកន្លែងដែលមានភាពមមាញឹកដោយមានមនុស្សចេញចូលមកស្វែងរកទិញទំនិញ ឬក៏គោលបំណងផ្សេងៗ នោះវាជាការល្អសម្រាប់លោកអ្នកវិញ។ តើពេលណាជាពេលដែលមមាញឹកបំផុត ហើយវាប៉ះពាល់ដល់អាជីវកម្មលោកអ្នកដូចម្តេចដែរ?​

    ប្រភេទផ្ទះ

    សំនួរ៖ តើផ្ទះប្រភេទណាដែលសាកសមសម្រាប់អាជីវកម្មរបស់លោកអ្នក?

    វាអាស្រ័យថាតើអាជីវកម្មលោកអ្នកត្រូវការសភាពរូបរាង ទំហំ និងទីធ្លាផ្ទះប៉ុណ្ណា។ បើសិនជាអាជីវកម្មរបស់លោកអ្នកលក់ផលិតផលដែលមានយីហោល្បីៗ លោកអ្នកគួរតែរកផ្ទះណាដែលស្អាតដោយមានការតុបតែងដែលមានភាពទាក់ទាញនិងលក្ខណៈល្អ តែបើសិនជាអាជីវកម្មសាមញ្ញដែលមិនទាក់ទងនឹងកេរ្តិ៍ឈ្មោះ ផ្ទះធម្មតាក៏អាចប្រើការបានដែរ។

    សំនួរ៖ តើលោកអ្នកត្រូវការទំហំប៉ុណ្ណា?​

    ទំហំគឺសំដៅទៅលើទីធ្លានៃផ្ទះ។ តើនឹងមានការពាក់ពន្ធច្រើនប៉ុណ្ណានៃអាជីវកម្មលោកអ្នក? លោកអ្នកគួរតែបន្សល់ទុកទីធ្លាបន្តិចដើម្បីឲ្យអាជីវកម្មប្រព្រឹត្តទៅដោយរលូននិងអាចត្រៀមនៅពេលមានការរីកចម្រើន។

    តម្លៃ

    សំនួរ៖ តើលោកអ្នករំពឹងថាផ្ទះនោះថ្លៃប៉ុន្មាន?​

    ថ្លៃនៃផ្ទះដែលលោកអ្នកចង់ទិញគួរតែសាកសមនឹងសក្តានុពលនៃអាជីវកម្មលោកអ្នកចង់ធ្វើ។

    សំនួរ៖ តើតម្លៃទីផ្សារយ៉ាងដូចម្តេចដែរ?​

    លោកអ្នកអាចសាកសួរពីថ្លៃទីផ្សារបច្ចុប្បន្នតាមរយៈការសាកសួរពីផ្ទះដែលនៅជិតខាងក្នុងតំបន់និងតំបន់ដែលប្រហាក់ប្រហែល។

    ហិរញ្ញវត្ថុ (លុយ)

    សំនួរ៖ តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ?

    ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មានក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។

    សំនួរ៖ តើលោកអ្នកចង់បង់ប្រាក់ដូចម្តេច?​ បង់ផ្តាច់?​បង់រំលស់?

    បើលោកអ្នកមានប្រាក់គ្រប់គ្រាន់តែមិនចង់បង់ថ្លៃការប្រាក់ លោកអ្នកអាចជ្រើសរើសការបង់ផ្តាច់បាន។ សម្រាប់លោកអ្នកប្រកបអាជីវកម្ម លោកអ្នកអាចយកជម្រើសការបង់រំលស់ព្រោះលោកអ្នកអាចទុកប្រាក់ដើម្បីប្រកបអាជីវកម្ម។ បើសិនជាលោកអ្នកចង់បង់រំលស់ លោកអ្នកត្រូវគិតពីចំណូលរបស់លោកអ្នក។

    សំនួរ៖ តើចំណូលលោកអ្នកយ៉ាងដូចម្តេចដែរ?

    លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថាតើលោកអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃឬទេបន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តីប្រឹក្សាឥណទានរបស់យើងបាននៅតំបន់ផ្សេងជុំវិញប្រទេស។

    សំនួរ៖ តើស្ថាប័នហិរញ្ញវត្ថុណាដែលលោកអ្នកអាចពិចារណា?

    មានផ្ទះខ្លះដូចជាបុរី មានការបង់រំលស់ ឬ​ក៏លោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬមីក្រូហិរញ្ញវត្ថុដើម្បីជួយបាន។ ទោះជាយ៉ាងណាក៏ដោយ ការបង់រំលស់ជាមួយបុរីលោកអ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។ល។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោកអ្នកគួរតែពិចារណាពីស្ថាប័នណាដែលផ្តល់សេវាល្អជាមួយនឹងរយៈនៃកម្ចីបានយូរ និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

    សំនួរ៖ តើលោកអ្នករំពឹងថានឹងស្រង់ដើមបានវិញនៅពេលណា?

    មើលទៅហាក់ដូចជាវែងឆ្ងាយដែលធ្វើឲ្យលោកអ្នកមិនមានអារម្មណ៍វិជ្ជមាន​ ពីព្រោះថ្លៃផ្ទះអាចនឹងខ្ពស់ជាងខ្លាំង។ តែសូមលោកអ្នកចងចាំថាបើទោះជាការស្រង់ថ្លៃដើមមានរយៈពេលយូរបន្តិចក៏ដោយ ក៏តម្លៃផ្ទះលោកអ្នកនឹងឡើងថ្លៃដែរ។ ដូច្នេះសូមកុំបារម្ភ គ្រាន់តែបន្តរធ្វើ និងរីករាយជាមួយជីវិតអាជីវកម្មរបស់លោកអ្នកទៅ។

    ចែករំលែកទៅកាន់: