អំពីយើង | ហ្វឺស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    ទិដ្ឋភាពទូរទៅ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ធ្លាប់ជា​ក្រុមហ៊ុន​ដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហ​បុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ ​​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា ឡាវ ( Cambodia-Laos Development Fund ) និង Norfund ដែលមានទីតាំងក្នុងប្រទេសន័រវេស។ មកដល់ខែ មិថុនា ឆ្នាំ ២០២២ ភាគហ៊ុន ១០០% ត្រូវបានផ្ទេរ ដោយ​ស្ថិត​នៅក្រោមការគ្រប់គ្រងក្រុមហ៊ុនក្នុងស្រុក។

    ​​​​​​​ហ្វឺស ហ្វាយនែន បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ធនាគារជាតិ​នៃកម្ពុជា នៅ​​​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ​២០០៩ ហើយ​បាន​ក្លាយ​ជា​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកទេស ក្នុង​ការផ្តល់​ឥណ​ទាន​លំនៅដ្ឋាន​​ខ្នាតតូចរយៈពេលវែង ដំបូងគេក្នុងប្រទេសកម្ពុជា ។ ហ្វឺស ហ្វាយ​នែន ផ្តោតទៅលើការផ្តល់ប្រាក់​កម្ចី​​ទិញផ្ទះ ជួសជុល និង​សាង​​សង់​​​​ផ្ទះ​រយៈពេល​វែង ក៏​ដូចជាកម្ចីអចលទ្រព្យ​ធានា​​រយៈ​ពេល​​​​មធ្យម ទៅ​​ដល់​គ្រួសារ​​​​​​ដែល​មាន​ចំណូល​​ទាប និង​មធ្យម ដែល​ភាគ​​តិច​ណាស់ មាន​លទ្ធភាពប្រើប្រាស់សេវា​កម្ចី​លំនៅដ្ឋាន​​​របស់​​​​​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​ផ្លូវការ​នានា ។ ភាគ​ច្រើន​​នៃធនាគារ​ពាណិជ្ជ​​ផ្តោតការផ្តល់​សេវា​ដល់​អតិថិជន​ដែល​មាន​ចំណូល​​ខ្ពស់ ។

    ចក្ខុវិស័យរបស់យើង

    ជួយឱ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា​ដែល​មាន​ចំណូល​​​មធ្យម​កម្រិតទាប បានរស់នៅ​ក្នុង​សេចក្តីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរភាព តាមរយៈ​ការផ្តល់​លទ្ធភាព​ឱ្យ​ពួក​គាត់មានផ្ទះជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន

    បេសកកម្មរបស់យើង

    បង្កើតស្ថេរភាពសេដ្ឋកិច្ចនៃគ្រួសារកម្ពុជាដែលមាន​ចំណូល​​​​មធ្យមកម្រិតទាប តាមរយៈការផ្តល់សេវា​ឥណទាន​ដើម្បីឱ្យយ​ពួក​គាត់ក្លាយ​ជា​ម្ចាស់​​កម្មសិទ្ធិ​នៃផ្ទះសម្បែង

    គុណតម្លៃរបស់យើង

    សុចរិតភាព
    ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើងប្រកាន់ខ្ជាប់​នូវភាពស្មោះត្រង់ និងមានតម្លាភាពគ្រប់សកម្មភាព​ការងារ​របស់យើង ។

    ការឆ្លើយតប
    យើងតែងនៅកៀកស្និទ្ធជាមួយអតិថិជនគ្រប់គ្រាន់ល្មម ដែល​​អាចឲ្យយើងផ្តល់ការយកចិត្តទុកដាក់ និងឆ្លើយតបតម្រូវការ​របស់ពួកគាត់ទាន់ពេលវេលា ។ យើងក៏មានទំនួលខុសត្រូវគ្រប់ទង្វើរបស់យើង និងបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនាផងដែរ ។

    ភាពច្នៃប្រឌិតខ្ពស់
    យើងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយ​ដែលមានប្រសិទ្ធិភាពដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរជាងមុន ។

    ភាពស្មើគ្នា
    យើងមានមោទនភាពចំពោះការគោរព ការមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និងការបម្រើដល់អតិថិជនដោយស្មើភាព។

    ឧត្តមភាព
    ការងាររបស់យើង គឺធ្វើឡើងដោយអស់ពីកម្លាំងកាយចិត្ត។

    IRISE

    ចំពោះ​គ្រួសារ ហ្វឺស ហ្វាយនែន (បុគ្គលិកនិងថ្នាក់ដឹកនាំ)
    IRISE​ មានន័យថា យើងនៅតែព្យាយាម ធ្វើកិច្ចការរបស់យើងឲ្យកាន់តែល្អនិងប្រសើរជាងមុន។ យើងធ្វើប្រតិបត្តិការដែល​ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពស្មោះត្រង់ និងមានតម្លាភាពជានិច្ច។​ ជាមួយនិងការច្នៃប្រឌិតខ្ពស់និងមានប្រសិទ្ធិភាពក្នុងការងារ​ យើងអាចបម្រើអតិថិជនរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុន។​ យើងរួមគ្នាដើម្បីឲ្យការងាររបស់យើងកាន់តែមានសន្ទុះខ្លាំងទៅមុខ ក្នុងការលើកកម្ពស់ភាពយុត្តិធម៌​ក្នុងសង្គមកម្ពុជា។

    ចំពោះអតិថិជនហ្វឺស ហ្វាយនែន
    ដោយមានការជឿជាក់ទៅលើគុណតម្លៃ IRISE របស់ ហ្វឺស ហ្វាយនែន អតិថិជនរបស់យើង អាចធ្វើឲ្យ ជីវភាពគាត់កាន់តែប្រសើរឡើង ដើម្បីរស់ក្នុងភាពថ្លៃថ្នូរ សន្តិសុខ សុភមង្គលនិងមានស្ថិរភាព តាមរយៈ ភាពជាម្ចាស់ផ្ទះ។

    ការកំណត់យកទីផ្សារគោលដៅ

    ប្រជាជនកម្ពុជាភាគច្រើន មិនមានឱកាសទទួលបានសេវាហិរញ្ញវត្ថុផ្នែកផ្ទះសម្បែងជាផ្លូវការនោះទេ។​ បច្ចុប្បន្នធនាគារជាច្រើនបានចាប់ផ្តើមផ្តល់កម្ចីទិញផ្ទះ ប៉ុន្តែសេវានេះត្រូវបានគេផ្តោត​ តែទៅលើអតិថិជនដែលមានជីវភាពធូរធារប៉ុណ្ណោះ។

    ​​​​​​​ ហ្វឺស​ ហ្វាយនែនផ្តល់កម្ចីទិញផ្ទះ និងសេវាកម្មជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន​ ស្របជាមួយនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសកម្ពុជា។​ អតិថិជនអាចជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីប្រឹក្សាឥណទានរបស់យើង ដើម្បីយល់ច្បាស់ពីផលិតផល ​ក៏ដូចជា​ដំណើរការផ្លូវច្បាប់ ដែលភ្ជាប់ទៅនឹងការទិញផ្ទះលើកដំបូង។

    ទស្សនៈរបស់យើង

    ទស្សនៈរបស់យើងមានភាពសាមញ្ញ ៖
    ​​​​​​​
    យើងគិតដូចជាអតិថិជន​​ និងធ្វើខ្លួនដូចជាម្ចាស់

    ​​​​​​​ វិធីសាស្រ្តរបស់យើងគឺកាន់តែងាយ ៖

    ផ្តល់នូវសេវានិងផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

    ផ្តល់នូវនីតិវិធីដែលមានភាពរហ័សនិងងាយស្រួល

    ធ្វើប្រតិបត្តិការប្រកបដោយភាពបត់បែន និងមានតម្លាភាព

    បង្ហាញពីភាពសុចរិតទៀងត្រង់ និងសីលធម៍ក្នុងការអនុវត្តអាជីវកម្ម

    ក្រមសីលធម៌

    ដើម្បីរក្សាបាននូវ កេរ្តិ៍ឈ្មោះល្អ បរិយាកាសការងារល្អ កំណើនប្រសិទ្ធភាពការងារល្អ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌ទាំង ៥ ប្រការ ដូចខាងក្រោម ៖

    ប្រការ១ ៖ រក្សាការសម្ងាត់វិជ្ជាជីវៈ ៖
    រក្សាការសម្ងាត់របស់ស្ថាប័ន ការសម្ងាត់របស់អតិថិជន និងមិនត្រូវប្រើព័ត៌មានសម្ងាត់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

    ប្រការ២៖ គោរពច្បាប់ ៖

    គោរពបទបញ្ជាផ្ទៃក្នុង គោលការណ៍ វិន័យ និងគោរពម៉ោងការងារ មិនបំផ្លិចបំផ្លាញទ្រព្យសម្បត្តិស្ថាប័ន មិនសេពគ្រឿងញៀន មិនសេពគ្រឿងស្រវឹងក្នុងម៉ោងការងារ មិនប្រើប្រាស់អាវុធជាតិផ្ទុះ និងមិនលេងល្បែងស៊ីសង។

    ប្រការ៣៖ សីលធម៌ និងសុជីវធម៌ ៖
    ត្រូវមានកិរិយាមាយាទល្អ មានសណ្តាប់ធ្នាប់ មិនបៀតបៀន បរិហាកេរ្តិ៍អ្នកដទៃ មិនប្រព្រឹត្តអំពើអាណាចារ្យ មិនរើសអើង រួសរាយរាក់ទាក់ មិននិយាយពាក្យអសុរោះ គោរពគ្នាទៅវិញទៅមក ឧស្សាហ៍ព្យាយាម និងខិតខំបំពេញការងារប្រកបដោយសមត្ថភាព។ គ្រប់បុគ្គលិកទាំងអស់ មិនត្រូវប្រើពាក្យសម្តី ឬ សកម្មភាពទាំងឡាយដូចខាងក្រោមនេះ ជាមួយបុគ្គលិករួមការងារ និង អតិថិជន ដាច់ខាត ៖

       1. ការប្រើភាសា ឬពាក្យសម្តីរំលោភបំពាន
       2. ការប្រើកម្លាំងបំពានលើរាងកាយ
       3. ការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព
       4. ការស្រែក ឬ ការគំរាមកំហែងអតិថិជនតាមគ្រប់រូបភាព
       5. ការចូលផ្ទះរបស់អតិថិជនដោយមិនបានអញ្ជើញ ឬ ដោយគ្មានការអនុញ្ញាត
       6. ការបង្ខួចកេរ្តិ៍ឈ្មោះអតិថិជនជាសាធារណៈ។

    ប្រការ៤៖ តម្លាភាព និងសុចរិតភាពវិជ្ជាជីវៈ ៖
    ត្រូវមានភាពស្មោះត្រង់ ចំពោះស្ថាប័ន និងអតិថិជន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មិនលួច គៃបន្លំ ស៊ីសំណូក ភូតកុហក ឆបោក ក្លែងព័ត៌មានមិនពិត។

    ប្រការ៥ ៖ ទំនាស់ផលប្រយោជន៍ ៖
    មិនប្រព្រឹត្តិអំពើ ឬ ប្រកបអាជីវកម្ម ទាំងឡាយណា ដែលប៉ះពាល់ដល់ប្រយោជន៍អាជីវកម្មរបស់ស្ថាប័ន៕

    ពានរង្វាន់ និងការទទួលស្គាល់

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបាន Orange Seal តាមរយៈការវាយតម្លៃបញ្ជាក់ពីដៃគូ Impact Investment Exchange (IIX)

    យើងខ្ញុំមានកិត្តិយសជម្រាបជូនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបាន Orange Seal តាមរយៈការវាយតម្លៃបញ្ជាក់ពីដៃគូ Impact Investment Exchange (IIX) ។ វិញ្ញាបនបត្រនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការលើកស្ទួយសមភាពយែនឌ័រ និងស្ថេរភាពបរិស្ថាន ។

    វិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជនកម្រិតខ្ពស់បំផុត

    អបអរសាទរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF ។

    Most Admired ASEAN Enterprise

    ហ្វឺស ហ្វាយនែន មានកិត្តិយសដោយបានទទួល ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០១២ (Asean Business Award) ។ មានក្រុមហ៊ុនចំនួន ២៦ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន (ASEAN) ទាំង១០ ប្រទេស ដែលបានមកទទួលរង្វាន់ ដោយក្នុងនោះមាន ៣ ជាក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ។ ដំណើរការនៃការវាយតម្លៃ ត្រូវបានរៀបចំដោយក្រុមហ៊ុន KPMG ដែលត្រូវបានតែងតាំជា ដៃគូយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាធុរកិច្ច ASEAN ហើយសេចក្តីសម្រេចត្រូវបានធ្វើឡើងដោយគណមេប្រយោគឯករាជ្យ រួមមាន ក្រុមអ្នកដឹកនាំធុរកិច្ចកំពូលៗ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកឯកទេសពាក់ ព័ន្ធផ្សេងៗទៀត មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។

    Cambodia Transparent Pricing Initiative

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រ Cambodia Transparent Pricing Initiative ពី MicroFinance Transparency នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2009។