១០វិធីសាស្រ្ត ជួយក្នុងការការពារពីភ្លើងដែលអាចបណ្តាលឱ្យឆាបឆេះដល់ផ្ទះរបស់លោកអ្នក
ការទិញផ្ទះរស់នៅពិតជាមានតម្លៃថ្លៃណាស់ ។ មនុស្សភាគច្រើនត្រូវខ្ចីប្រាក់ ហើយបង់សងក្នុងរយៈពេល ១០ ឆ្នាំ មុនពេលមានផ្ទះពេញលេញជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ចុះបើផ្ទះរបស់លោកអ្នកខូចខាត ដូចជាមានបញ្ហាឆ្លងអគ្គិសនី ហើយផ្ទះទាំងមូលត្រូវបានឆាបឆេះ ? គ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើងនោះទេ ។ នេះជាមូលហេតុដែលការរក្សាផ្ទះរបស់លោកអ្នកឱ្យមានសុខសុវត្ថិភាពគឺពិតជាសំខាន់ ជាពិសេសចៀសផុតពីគ្រោះមហន្តរាយដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងមានការបាត់បង់ទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើលោកអ្នកមិនមានការប្រុងប្រយ័ត្ននោះទេ តែមួយភ្លែតប៉ុណ្ណោះ ការខូចខាតដែលមិនបានរំពឹងទុកនឹងអាចកើតមានឡើងចំពោះផ្ទះរបស់លោកអ្នកជាក់ជាមិនខាន ។
ពាក្យចាស់លោកតែងពោលថា "ចោរលួចនៅចាញ់ភ្លើងឆាបឆេះតូចមួយនៅក្នុងផ្ទះនោះទេ" នេះមានន័យថា យើងមិនគួរមើលស្រាលគ្រោះថ្នាក់នៃភ្លើងឆាបឆេះតូចមួយនោះឡើយ ។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការចែករំលែកនូវ១០វិធីសាស្រ្ត ជួយក្នុងការការពារពីភ្លើងដែលអាចបណ្តាលឱ្យឆាបឆេះដល់ផ្ទះរបស់លោកអ្នក ។
១. របៀបទុកដាក់របស់របរ និងគ្រឿងប្រើប្រាស់ជាពិសេសរបស់របរណាដែលមានផ្ទុកសារធាតុប្រេងឥន្ធនៈដែលអាចបង្កជាអគ្គិភ័យ
ទុកដាក់វត្ថុដែលងាយឆាបឆេះឱ្យមានរបៀបចៀសផុតពីការឆាបឆេះទៅដល់ផ្ទះរបស់លោកអ្នក ។ នេះរាប់បញ្ចូលទាំងកាសែត ទស្សនាវដ្តី សំលៀកបំពាក់ចាស់ៗ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានសារធាតុគីមីឆាបឆេះបានដូចជា ទឹកសម្អាត ថ្នាំលាប និងថ្នាំអាសេរ៉ូលជាដើម ។ ប្រសិនបើវត្ថុងាយឆេះទាំងនេះត្រូវបានរក្សាទុកនៅកន្លែងដែលមានកំដៅ ឬសីតុណ្ហភាពខ្ពស់ វានឹងងាយឆាបឆេះ ហើយបណ្តាលឱ្យមានការផ្ទុះទៀតផង ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកវត្ថុងាយឆាបឆេះនៅក្នុងកន្លែងបិទជិត និងត្រជាក់ដើម្បីការពារកុំឱ្យវាបង្កជាបញ្ហាអគី្ិភ័យ ។
២. ត្រួតពិនិត្យឧបករណ៍អគ្គិសនី និងខ្សែភ្លើងឱ្យបានទៀងទាត់ ហើយបិទកុងតាក់ភ្លើងនៅពេលប្រើប្រាស់រួចរាល់
តែងតែដកឧបករណ៍អគ្គិសនីបន្ទាប់ពីប្រើរួច ហើយពិនិត្យមើលស្ថានភាពនៃរុន្ធដោត ។ មុនពេលប្រើឧបករណ៍អគ្គិសនីណាមួយក៏សូមឱ្យប្រាកដថាវាដំណើរការបានល្អ ។ ប្រសិនបើលោកអ្នកសម្គាល់ឃើញបញ្ហាណាមួយ ដូចជាខ្សែដែលដាច់ ឬខូច ចូរជួសជុលវាភ្លាមៗ ។
៣. បិទហ្គាសពេលឈប់ប្រើប្រាស់
អគ្គិភ័យដែលចាប់ផ្តើមឆាបឆេះដំបូងគេនោះអាចចេញពីផ្ទះបាយវាគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅធំបំផុតនៃអគ្គិភ័យដល់ផ្ទះដែលមានសមាមាត្រប្រមាណ ៤៨% នៃបញ្ហាភ្លើងឆាបឆេះក្នុងផ្ទះ ។ នេះច្រើនតែបណ្តាលមកពីការធ្វេសប្រហែសនៅពេលចម្អិនអាហារ ដោយភ្លេចបិទចង្ក្រានហ្គាសនៅពេលចម្អិនរួច ។ សំណល់អាហារដែលជាប់នៅក្នុងឡ ឬមីក្រូវ៉េវក៏អាចឆេះបានដែរ ប្រសិនបើបើកចោលយូរពេកដែលបង្កបានជាកំដៅក្តៅខ្លាំងរហូតដល់ឆេះ ។ នេះហើយជាមូលហេតុដែលគួរយកចិត្តទុកដាក់ក្នុងការសម្អាតចង្ក្រាន និងមីក្រូវ៉េវជាប្រចាំ ។ ត្រូវប្រាកដថាបានប្រមូល និងបោះចោលកាកសំណល់អាហារ ឬវត្ថុងាយឆាបឆេះផ្សេងទៀត បន្ទាប់ពីចម្អិនអាហាររួចរាល់ ។
៤. បំពាក់ឧបករណ៍កាត់ផ្តាច់ចរន្តអគ្គិសនីដើម្បីការពារការញាក់នៃចរន្តអគ្គិសនី
ការឆ្លងចរន្តអគ្គិសនីដែលបណ្តាលឱ្យឆាបឆេះផ្ទះជាសមាមាត្រប្រមាណ ១០% ។ ទោះជាភាគរយទាបក៏ដោយ តែការឆ្លងចរន្តអគ្គិសនីនេះអាចមានគ្រោះថ្នាក់ខ្លាំង និងនាំឱ្យមានរបួសធ្ងន់ធ្ងរ ស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ។ នេះដោយសារតែការញាក់នៃចរន្តអគ្គិសនីតែងតែកើតឡើង ឬមានការបង្ខាំងណាមួយនៃខ្សែភ្លើង ដែលវាអាចរាលដាលយ៉ាងលឿន ។ វាតែងតែកើតឡើងជាញឹកញាប់នៅពេលយប់ដែលជាពេលយើងកំពុងដេក ។ មធ្យោបាយដ៏ល្អដើម្បីការពារប្រឆាំងនឹងការញាក់នៃចរន្តអគ្គិសនីគឺត្រូវដំឡើងប្រព័ន្ធកាត់ផ្តាច់ចរន្តអគ្គិសនី ។ វានឹងបិទដោយស្វ័យប្រវត្តិ ប្រសិនបើចរន្តអគ្គិសនីផ្ទុកលើសលប់ ឬបង្ហាញសញ្ញានៃការញាក់នៃចរន្តអគ្គិសនី ។ នេះអាចជួយបញ្ឈប់ពីការរីករាលដាលឆ្លងនៃចរន្តអគ្គិសនី ។
៥. ហាមអុជធូប អុជទៀនបូជាព្រះ ឬទុកកន្ទុយបារីចោលពេលគ្មាននរណានៅក្នុងផ្ទះ
ទុកដែកកេស ឈើគូស និងឧបករណ៍ដុតផ្សេងទៀតឱ្យឆ្ងាយពីកំដៅ និងការខ្ទាតចូលនៃផ្កាភ្លើង ដើម្បីការពារកុំឱ្យភ្លើងឆាបឆេះ ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកជក់បារី ហើយមិនពន្លត់វាបានល្អទាំងស្រុងនោះទេ នោះបារីរបស់លោកអ្នកនៅតែបន្តឆេះ និងអាចបង្កជាបញ្ហាឆាបឆេះដោយលោកអ្នកមិនដឹងខ្លួនទៀតផង ។ លោកអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះកំហុសតូចតាចបែបនេះព្រោះវាអាចឈានដល់ការឆាបឆេះផ្ទះទាំងមូលបាន ។
៦. បង្កការឆាបឆេះពីឧបករណ៍អគ្គិសនីមួយចំនួន
ឧបករណ៍ដូចជាទូរទស្សន៍ និងទូទឹកកក គួរតែរក្សាគម្លាតឱ្យបានឆ្ងាយពីជញ្ជាំងសមល្មម ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញកំដៅបានត្រឹមត្រូវ ។ នេះជួយការពារពីការផ្ទុះដែលអាចឆាបឆេះបាន ។
៧. ដំឡើងឧបករណ៍ចាប់ផ្សែងបន្លឺសម្លេងនៅក្នុងផ្ទះ
បើមានហើយ គួរតែពិនិត្យឧបករណ៍ចាប់ផ្សែងរបស់លោកអ្នកជាទៀងទាត់ដោយចុចប៊ូតុងសាកល្បង ។ វានឹងអនុញ្ញាតឱ្យលោកអ្នកដឹងថាតើឧបករណ៍ដំណើរការបានត្រឹមត្រូវឬទេ ។
៨. រក្សាទុកលេខទំនាក់ទំនងស្ថានីយ៍ពន្លត់អគ្គិភ័យដែលនៅជិតផ្ទះរបស់អ្នកបំផុត ឬលេខសង្គ្រោះបន្ទាន់ផ្សេងៗ
ទុកធុងពន្លត់អគ្គិភ័យរបស់លោកអ្នកនៅកន្លែងដែលអ្នកគ្រប់គ្នានៅក្នុងផ្ទះអាចមើលឃើញ ។ មធ្យោបាយនេះ ប្រសិនបើមានភ្លើងឆាបឆេះភ្លាមៗ យើងអាចរកបំពង់ពន្លត់អគ្គិភ័យបានយ៉ាងលឿន ដើម្បីពន្លត់វា ។
៩. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យនៅក្នុងផ្ទះ
ត្រូវប្រាកដថាអ្នកគ្រប់គ្នានៅក្នុងផ្ទះរបស់លោកអ្នកដឹងពីរបៀបប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ ។ ដូចគ្នានេះផងដែរ ពិនិត្យមើលឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានទៀងទាត់ ដើម្បីប្រាកដថាវាស្ថិតក្នុងស្ថានភាពដំណើរការល្អ ។ ត្រូវផ្លាស់ប្តូរឧបករណ៍ពន្លត់អគ្គិភ័យនៅពេលដែលវាបានដល់អាយុកាលដែលមិនអាចប្រើប្រាស់បានបន្តទៀត ។
១០. ត្រួតពិនិត្យជាប្រចាំ និងមានការប្រុងប្រយ័ត្ន
ជាឧទាហរណ៍ ពេលចម្អិនអាហារនៅក្នុងផ្ទះបាយ មិនត្រូវទុកចង្ក្រានចោលដោយគ្មានមនុស្សនៅទីនោះឡើយ ។ លោកអ្នកត្រូវបិទហ្គាសឬចង្ក្រានជានិច្ច ប្រសិនបើលោកអ្នកមិននៅក្នុងផ្ទះបាយ ។ ប្រសិនបើលោកអ្នកដុតទៀន ឬធូប ចូរទុកវាឱ្យឆ្ងាយពីវត្ថុដែលអាចឆេះបាន ហើយពន្លត់វាចេញភ្លាមៗនៅពេលប្រើប្រាស់រួចរាល់ ។ សូមប្រុងប្រយ័ត្នពេលប្រើឧបករណ៍អគ្គិសនីផ្សេងៗដូចគ្នាដែរ ។ ប្រសិនបើលោកអ្នកសម្គាល់ឃើញថាមានបញ្ហា ឬខូចត្រង់កន្លែងណាមួយ ចូរដោះស្រាយជួសជុលវាឱ្យបានភ្លាមៗ ។