• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • អត្ថប្រយោជន៍ ៦ ចំណុចពីការដាំបន្លែនៅផ្ទះ

    អត្ថប្រយោជន៍ ៦ ចំណុចពីការដាំបន្លែនៅផ្ទះ

    Posted on: Aug 07, 2023

    មនុស្សជាច្រើនគិតថាពួកគេពុំចាំបាច់ដាំបន្លែដោយខ្លួនឯងនោះទេ ព្រោះបន្លែបង្ការនានាពួកគេអាចរកទិញបានយ៉ាងងាយនៅតាមទីផ្សារ។ ជាការពិត ការដាំបន្លែបង្ការមិនត្រឹមតែផ្ដល់ផលសម្រាប់អាហារដែលមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍សុខភាពជាច្រើន ដែលអ្នកពុំធ្លាប់គិតដល់។ ខាងក្រោមនេះ យើងនឹងចែករំលែកសារៈប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនពីការធ្វើច្បារដំណាំ ៖

     

    ១. កាត់បន្ថយភាពតានតឹង

    ការដាំបន្លែបង្ការធ្វើឲ្យអ្នកផ្ដោតលើការងារដាំដុះ និងរក្សាគោលដៅមួយច្បាស់លាស់។ សកម្មភាពធ្វើសួនបន្លែ រួមទាំងទេសភាពពណ៌បៃតងអាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងមួម៉ៅរបស់អ្នកបាន។ ការធ្វើច្បារដំណាំក៏ផ្ដល់ឲ្យអ្នកនូវពេលវេលាមួយ ដែលមានសកម្មភាពហាត់ប្រាណ និងរីករាយជាមួយសមាជិកគ្រួសារ និងកូនៗរបស់អ្នកផងដែរ។

     

    ២. ធ្វើឲ្យឆ្អឹងលូតលាស់ល្អ

    នៅពេលអ្នកធ្វើសួនបន្លែនៅក្រោមកំដៅថ្ងៃ ខាងក្រៅផ្ទះ នោះវានឹងធ្វើឲ្យរាងកាយរបស់អ្នកបង្កើននូវវីតាមីន D ។ វីតាមីន D ជួយឲ្យរាងកាយរបស់អ្នកផលិតជាតិកាល់ស្យូម ដែលវាមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ឆ្អឹង ហើយវាក៏អាចជួយពង្រឹងភាពស៊ាំរបស់អ្នកផងដែរ។

     

    ៣. កាត់បន្ថយកាឡូរី

    សកម្មភាពធ្វើសួនដំណាំត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណកម្រិតមធ្យម។ យោងតាមមជ្ឈមណ្ឌលបង្ការ និងការពារជំងឺ សកម្មភាពស្រាលៗក្នុងច្បារដំណាំអំឡុងពេលមួយម៉ោងអាចដុតកាឡូរីរបស់អ្នកចំនួន ៣៣០ ។ ការជីកដី និងដាំដំណាំក៏អាចធ្វើឲ្យបេះដូងរបស់អ្នកដំណើរការកាន់តែល្អផងដែរ។

     

    ៤. ធ្វើឲ្យខ្យល់បរិសុទ្ធ

    រុក្ខជាតិលូតលាស់ដោយស្រូបយកឧស្ម័នកាបូនិក និងទឹក រួចបង្កើតជាគ្លុយកូស និងអុកស៊ីសែន។ ការដកដង្ហើមរបស់រុក្ខជាតិគឺផ្ទុយពីមនុស្ស ដោយវាស្រូបចូលឧស្ម័នកាបូនិក និងបញ្ចេញមកវិញនូវអុកស៊ីសែន។ នៅពេលអ្នកដាំរុក្ខជាតិក្នុងផ្ទះ រុក្ខជាតិទាំងនោះនឹងដើរតួនាទីជាឧបករណ៍បន្សុទ្ធខ្យល់ធម្មជាតិ។

     

    ៥. អាហារស្រស់ៗ

    នៅពេលអ្នកមានច្បារដំណាំផ្ទាល់ខ្លួន អ្នកនឹងពេញចិត្តផលស្រស់ៗ នៃបន្លែ ផ្លែឈើ និងប្រភេទរុក្ខជាតិជីផ្សេងៗ ។​ រស់ជាតិអាហារដែលទទួលបានពីបន្លែដែលបេះមកភ្លាមៗ និងស្រស់ៗ ពីសួនធម្មជាតិរបស់អ្នកពិតជាមានរសជាតិឈ្ងុយឆ្ងាញ់។ ជាទូទៅទិន្នផលទាំងអស់នឹងចាប់ផ្ដើមបាត់បង់រស់ជាតិរបស់វាបន្តិចម្តងៗបន្ទាប់ពីប្រមូលផល។

     

    ៦. ឧបករណ៍អប់រំ

    ការអនុញ្ញាតឲ្យកូនៗរបស់អ្នកជួយការងារដាំដុះក្នុងសួនបន្លែ អាចជាការអនុវត្តដ៏ល្អក្នុងការបង្រៀនពួកគេ ស្គាល់ពីការទទួលខុសត្រូវ ដោយមើលថែរុក្ខជាតិឲ្យដុះលូតលាស់ល្អ។ តាមរយៈសកម្មភាព​នេះ កូនៗរបស់អ្នកនឹងរៀនបានថា នៅពេលដែលពួកគេដាំរុក្ខជាតិមួយដើម ដោយមានការស្រោចទឹក និងការមើលថែដិតដល់ រុក្ខជាតិនោះនឹងលូតលាស់ធំធាត់ ហើយវានឹងផ្ដល់ផលជាអាហារត្រឡប់មកពួកគេវិញ៕

    ចែករំលែកទៅកាន់: