• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

    គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

    Posted on: Jul 04, 2023

    គ្រប់គ្នាខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីរកប្រាក់ ពីព្រោះវាជាប្រភពចម្បងធ្វើឲ្យយើងរស់នៅបានសមរម្យ។ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនោះទេ ដែលជាមូលហេតុធ្វើឲ្យពួកគេបាត់បង់ថវិកាមួយចំនួនក្នុងការចំណាយលើសម្ភារដែលមិនចាំបាច់ ជាពិសេសក្នុងអំឡុងពេលលំបាក ដូចជាក្នុងពេលរាតត្បាតនៃជំងឺ កូវីដ១៩ ឬវិបត្តិសេដ្ឋកិច្ចជាសកលជាដើម។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក ៖

    ១. វាយតម្លៃស្ថានភាពហិរញ្ញវត្ថុគ្រួសារ

     វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងមុនថាអ្នកនឹងបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត ឬវិបត្តិហិរញ្ញវត្ថុជាសកល ឬក្រុមហ៊ុនដែលអ្នកកំពុងធ្វើការខ្ស័យធន អ្នកគួរតែចាប់ផ្ដើមពិចារណាលើប្រភេទការងារណាមួយដែលអ្នកចង់ធ្វើបន្ត។ អ្នកក៏ត្រូវពិនិត្យលើប្រាក់បម្រុងគ្រាអាសន្នរបស់អ្នកផងដែរ ថាតើអាច​ទ្រទ្រង់បានរយៈពេលប៉ុន្មានថ្ងៃ ឬខែទៀតប្រសិនបើមានបញ្ហាអាក្រក់ណាមួយកើតឡើងជាយថាហេតុ។ លើសពីនេះទៀត អ្នកក៏ត្រូវដឹងច្បាស់ពីចំណាយប្រចាំខែរបស់អ្នក ហើយថាតើចំណាយលើអ្វីច្រើនជាងគេ ព្រោះដើម្បីធ្វើឲ្យមានសមតុល្យជាមួយចំណូលរបស់អ្នក។

    ២. កំណត់ដំណោះស្រាយ

    បន្ទាប់ពីកំណត់បញ្ហាប្រឈមតាមរយៈការវាយតម្លៃ អ្នកអាចចាប់ផ្ដើមបំផុសគំនិតរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាជាក់លាក់នីមួយៗ ។ ពិនិត្យមើលបញ្ហាហិរញ្ញវត្ថុដែលធ្ងន់ធ្ងរ ដែលអ្នកអាចដោះស្រាយបាន។ បន្ទាប់មកចាត់អាទិភាពញ្ហាណាដែលសំខាន់់តាមលំដាប់ ដែលត្រូវដោះស្រាយមុនគេ។ ឧទាហរណ៍ អ្នកត្រូវធ្វើចិត្ត ចាប់ផ្ដើមកាត់បន្ថយចំណាយដែលមិនចាំបាច់ ដោយបង្វែរការចំណាយលើអ្វីដែលចាំបាច់ដូចជា ម្ហូបអាហារ ឬវិក័យបត្រទឹកភ្លើងជំនួសវិញ ឬបង្កើនប្រភពចំណូលបន្ថែម តាមរយៈការធ្វើការក្រៅម៉ោងជាដើម។

    ៣. សន្សំសំចៃលើរបស់ដែលមិនចាំបាច់

    ប្រាក់ជារបស់មានតម្លៃនៅគ្រប់កាលៈទេសៈ ដូច្នេះហើយអ្នកគួរសន្សំឲ្យបានកាន់តែច្រើនកាន់តែល្អ។ ក្នុងអំឡុងគ្រាលំបាក អ្នកមិនគួរចំណាយលើរបស់ដែលពុំចាំបាច់ ដូចជាសំលៀកបំពាក់ ទូរសព្ទ ឬរថយន្ត ម៉ាកល្បីថ្មីៗនោះទេ ខណៈពេលដែលការធ្វើដំណើរក៏ត្រូវបានរឹតត្បិត។ ការធ្វើម្ហូបញ៉ាំនៅផ្ទះក៏អាចធ្វើឲ្យអ្នកសន្សំប្រាក់បានជាងការញ៉ាំនៅខាងក្រៅ ហើយអាហារដែលយើងធ្វើខ្លួនឯងគឺមានសុវត្ថិភាព និងធ្វើឲ្យមានសុខភាពល្អជាង។

    ៤. ពិនិត្យលើបំណុល/កម្ចីរបស់អ្នក

    គ្រឹះស្ថានហិរញ្ញវត្ថុមានវិធានការផ្សេងៗ គ្នា ក្នុងការជួយអតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី ។ ប្រសិនបើអ្នកមានកម្ចី ហើយបារម្ភថាអ្នកនឹងមិនអាចបង់ប្រចាំខែបាន ទាក់ទងទៅស្ថាប័នផ្ដល់កម្ចីភ្លាមៗ នោះពួកគេនឹងអាចប្រាប់អ្នកពីដំណោះស្រាយដែលសមស្របណាមួយសម្រាប់លោកអ្នក ។

    ៥. ការងារបម្រុង

    ប្រសិនបើមានឧបត្តិហេតុណាមួយដែលធ្វើឲ្យអ្នកបាត់បង់ចំណូល/ការងារ ភ្លាមៗ អ្នកគួរតែមានផែនការត្រៀមសម្រាប់ការងាររបស់អ្នក។ វាជាវិធីដែលអ្នកអាចឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុភ្លាមៗ ។ ក្នុងស្ថានភាពនេះ អ្នកអាចចាប់ផ្ដើមការងារ/អាជីវកម្មតាមបណ្ដាញអ៊ិនធឺណិត (Online) ឬការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់ចំណូលទប់នឹងការចំណាយប្រចាំថ្ងៃរបស់អ្នក។

    ៦. ផែនការគ្រាអាសន្ន

    ប្រាក់បម្រុងគ្រាអាសន្នមានសារសំខាន់ណាស់សម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនអាចដឹងមុន។ អ្នកគួរដកមួយចំណែកនៃប្រាក់ចំណូលរបស់អ្នកដើម្បីសន្សំប្រាក់បម្រុងនេះ។ នៅពេលមានករណីបន្ទាន់ណាមួយកើតឡើងក្នុងគ្រាលំបាក ហើយអ្នកមិនមានប្រាក់បម្រុង នោះអ្នកនឹងមានការលំបាកខ្លាំងក្នុងការរកជំនួយភ្លាមៗ ពីអ្នកដទៃ។

    ចែករំលែកទៅកាន់: