សំណាញ់សុវត្ថិភាពសម្រាប់អ្នករំលស់ផ្ទះរយៈពេលវែង
ការទិញផ្ទះបង់រំលស់បាននឹងកំពុងមានភាពពេញនិយមក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ។ អ្នកមានចំណូលទាបនិងមធ្យមដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងដៃដើម្បីទិញផ្ទះ មានឱកាសក្លាយជាម្ចាស់ផ្ទះតាមរយៈការបង់រំលស់ដែលមានរយៈពេលវែងមួយនេះ ។
មានរឿងមួយដែលគួរកត់សំគាល់នោះគឺ ជាទូទៅចំណូលស្ទើរតែពាក់កណ្តាលនៃគ្រួសារប្រភេទនោះត្រូវចំណាយលើការបង់រំលស់ជាប្រចាំខែ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការចំណាយជាប្រចាំថ្ងៃ និងការចំណាយដែលឥតគ្រោងទុកដូចជាការចំណាយលើបញ្ហាសុខភាព គ្រោះថ្នាក់ចៃដន្យ ការបាត់ចំណូល ឬអគ្គិភ័យ ។ល។ តើមានអ្វីកើតឡើងបើរឿងទាំងនោះពិតជាកើតមានឡើងមែន? តើនរណានឹងបង់រំលស់ថ្លៃផ្ទះបន្ត ? តើចង់ឲ្យផ្ទះដែលបានមកនោះ បាត់បង់ទៅវិញឬយ៉ាង ?
មានដំណោះស្រាយមួយដែល គួរពិចារណា ហើយមានភាពសន្សំសំចៃនោះគឺ ការទទួលយកសេវាធានារ៉ាប់រង។ សេវាធានារ៉ាប់រងមានច្រើនប្រភេទ និងតួនាទីខុសគ្នា ហើយក៏ផ្តល់ផលប្រយោជន៍តបស្នងក្នុងរូបភាពខុសគ្នាដែរ ។
ការទិញអចលនទ្រព្យដូចជាផ្ទះ គួរតែពិចារណាលើការធានាផ្នែកអគ្គិភ័យ ព្រោះវានឹងជួយរ៉ាប់រងនូវការខាតបង់ទាំងឡាយ នៅពេលមានអគ្គិភ័យកើតឡើងដល់ផ្ទះលោកអ្នក។ ជាទូទៅលោកអ្នកអាចនឹងទទួលបានការរ៉ាប់រងលើការស្នាក់នៅបណ្តោះអាសន្ន សំណងលើការជួសជុល លើគ្រឿងសង្ហារឹម ការបង់រំលស់ជំនួស ឬ បង់ផ្តាច់ជំនួស។ ទំហំនិងលក្ខណៈនៃការធានាគឺអាស្រ័យក្នុងកិច្ចសន្យាជាក់ស្តែង នៅពេលដែលលោកអ្នកទទួលយល់ព្រមជាមួយក្រុមហ៊ុនដែលធានាលោកអ្នកនោះ ។
ការធានារ៉ាប់រងមួយប្រភេទទៀតគឺ ការធានាលើសុខភាពនិងអាយុជីវិត ។ វាជាសំណាញ់សុវត្ថិភាពដើម្បីការពារហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានឡើងជាយថាហេតុដោយសារមរណភាព ឬពិការ ឬការចំណាយជាគំហុកភ្លាមៗ ក្នុងពេលតែមួយលើថ្លៃព្យាបាលជំងឺ ឬគ្រោះថ្នាក់រងរបួសដោយចៃដ្យ ។ ដូច្នេះការធានាមួយនេះអាច នឹងចេញថ្លៃចំណាយលើការព្យាបាល ការខូចខាត ការបង់ផ្តាច់ ឬបង់រំលស់ជំនួស ដោយបុគ្គលជាកម្មវត្ថុនៃការធានា នោះមិនចាំបាច់ទទួលខុសត្រូវលើការបង់រំលស់ផ្ទះទៀតឡើយ ។ ទំហំនិងលក្ខណនៃការធានាគឺអាស្រ័យក្នុងកិច្ចសន្យាជាក់ស្តែង នៅពេលដែលលោកអ្នកទទួលយល់ព្រមជាមួយក្រុមហ៊ុនដែលធានាលោកអ្នកនោះ ។