មូលហេតុ ៥ យ៉ាងដែលគួរទិញផ្ទះក្នុងរដូវវស្សា
មានគ្រួសារមួយ មានប្តីប្រពន្ធនិងកូនតូចពីរនាក់ បាននាំគ្នាទៅមើលផ្ទះមួយដែលពួកគេចង់ទិញ។ ពួកគេបានចំណាយពេលជាងមួយម៉ោងដើរមើលជុំវិញផ្ទះនិងពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃផ្ទះ រួចក៏ចរចារតម្លៃនិងនិយាយលេងពីនេះពីនោះជាមួយម្ចាស់ផ្ទះ។ ពួកគេពេញចិត្តនឹងផ្ទះថ្មីនោះខ្លាំងណាស់ ព្រោះវាជាសំណង់ថ្មី និងមានសម្ភារៈស្អាតៗនៅក្នុងផ្ទះ រីឯថ្លៃក៏អាចទទួលយកបាន។ បន្ទាប់ពីមើលរួចពួកគេក៏លាម្ចាស់ផ្ទះត្រលប់ទៅវិញដោយគិតថានឹងមកនៅថ្ងៃស្អែកដើម្បីចុះកិច្ចសន្យា តែចៃដន្យក៏មានភ្លៀងធំធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យពួកគេទៅមិនទាន់បាន។ មួយម៉ោងក្រោយមក បន្ទាប់ពីបាននៅក្នុងផ្ទះថ្មីដែលចង់ទិញមួយនោះកំឡុងពេលរង់ចាំភ្លៀង ក៏ធ្វើឲ្យពួកគេសម្រេចចិត្តមិនទិញវិញ? តើហេតុអ្វីបន្ទាប់ពីភ្លៀងធ្វើឲ្យពួកគេមិនចង់ទិញផ្ទះនោះ? តើភ្លៀងបានធ្វើអ្វីខុសមែន?
ពិតប្រាកដណាស់ នៅពេលមេឃស្រលះនិងមានបើកថ្ងៃ យើងនឹងមើលឃើញសម្រស់ផ្ទះស្អាត ដែលគួរឲ្យទាក់ទាញ គួរឲ្យចង់នៅ។ តែសូមចងចាំថា យើងមិនមែនទិញផ្ទះយកមករស់នៅពេលមានថ្ងៃល្អទេ តែយើងនឹងរស់នៅក្នុងផ្ទះនោះពេលមេឃងងឹត មេឃភ្លៀង ពេលលិចទឹក និងគ្រប់ពេលទាំងអស់។ ដូចនេះខ្ញុំគិតថា ការទៅមើលផ្ទះក្នុងគោលបំណងចង់ទិញផ្ទះ គឺយើងគួរទៅមើលពេលមានព្យុះភ្លៀងនោះយើងនឹងឃើញសភាពជាក់ស្តែងរបស់ផ្ទះនោះជាមិនខាន។ ជាងនេះទៅទៀតនោះ ម្ចាស់ផ្ទះនឹងមានឥរិយាបទសម្របនឹងយើងជាអ្នកទិញច្រើនជាងពេលមេឃស្រលះ ឯយើងជាអ្នកទិញនឹងមានទឹកមាត់ប្រៃក្នុងការចរចារថ្លៃបានខ្លាំងថែមទៀតដែរ។
ដូច្នេះតើទឹកភ្លៀងមានប្រយោជន៍ដូចម្តេចខ្លះសម្រាប់យើងជាអ្នកទិញផ្ទះ?
១. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពដំបូល
ដំបូលខ្លះ យើងអាចមើលនឹងភ្នែកពីក្រោមបានយ៉ាងងាយថាតើវា មានបាត់ក្បឿងកន្លែងណាមួយ ឬ ដំបូលចាស់ ឬ ទរទឹកខូច ឬដំបូលមានពណ៌ខុសគ្នា តែដំបូលខ្លះយើងត្រូវឡើងពិនិត្យមើលតែម្តងទើបអាចសន្មត់បានល្អនិងពិនិត្យបានគ្រប់ជ្រុងជ្រោយ។ វិធីងាយៗមួយទៀតគឺ យើងអាចចូលក្នុងផ្ទះពិនិត្យមើលពិដានថាមានស្នាមដែលធ្លាប់មានទឹកដក់ ឬតាមជញ្ជាំងថាមានស្នាមទឹកហូរដែរឬទេ។ ពីព្រោះបន្ទាប់ពីភ្លៀងហើយភ្លាម យើងនឹងឃើញយ៉ាងច្បាស់ថាតើគុណភាពដំបូលល្អប៉ុណ្ណា។
២. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពប្រព័ន្ធបង្ហូរទឹក
បើផ្ទះមានដំបូលល្អ នោះនឹងអាចការពារទឹកភ្លៀងពីលើមេឃមិនឲ្យចូលផ្ទះ តែយើងត្រូវការប្រព័ន្ធបង្ហូរទឹកល្អមួយទៀតដើម្បីឲ្យទឹកដែលដក់ឬលិចដោយសារទឹកភ្លៀងឆាប់ហូរទៅអស់។ បើមិនដូចនោះទេមិនត្រឹមតែទឹកនឹងស៊ីជើងយើងទេ ថែមទាំងស៊ីជើងជញ្ជាំងនិងផ្លូវធ្វើដំណើររបស់យើងដែរ។
អ្វីដែលយើងអាចពិនិត្យមើលបន្ទាប់ពីភ្លៀងហើយនោះគឺ៖
- សំរាមនៅខាងមុខផ្ទះ៖ តើវាអាចនឹងប៉ះពាល់ដល់ការហូរទឹកដែរឬទេ? ឬក៏វានឹងបាំងការហូរទឹកចូលលូរដែរឬទេ? តើនៅកន្លែងបង្ហូរទឹកនៅតំបន់រស់នៅនោះជាកន្លែងដែលគេយកសំរាមទៅបោះចោលដែរឬទេ?
- លូនៅមុខផ្ទះ៖ តើលូមានទំហំប៉ុណ្ណា ហើយមានប៉ុន្មានក្នុងតំបន់ជុំវិញនោះ។
- លូនៅក្នុងផ្ទះ៖ យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុណ្ណា។
- ជើងជញ្ជាំងផ្ទះ៖ ដោយគ្រាន់តែមើលជើងជញ្ជាំងផ្ទះទាំងក្នុងនិងក្រៅ យើងនឹងអាចឃើញស្នាមដែលធ្លាប់មានដក់ទឹកជាមិនខានបើផ្ទះនោះធ្លាប់មានលិចឬដក់ទឹក។
- ទីតាំងផ្ទះ៖ ក្នុងតំបន់មួយអាចនឹងមានកន្លែងខ្ពស់ឬទាបជាងគ្នាបន្តិចបន្តួច ដូចនេះពេលមានភ្លៀងនិងទឹកលិច ច្បាស់ណាស់ទឹកហូរទៅកន្លែងទាប។ បើផ្ទះដែលយើងចង់ទិញនៅតំបន់ដែលទាប ហើយមានទឹកហូរកាត់ឬទឹកដក់រយៈពេលយូរ សូមពិចារណាឡើងវិញមុននឹងទិញ។
៣. ទឹកភ្លៀងនឹងស្តែងពីប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ទាំងមូល
បន្ទាប់ពីភ្លៀងគឺមេឃស្រលះ តែនៅស្រុកខ្មែរថែមមួយឃ្លាទៀតគឺ បន្ទាប់ពីភ្លៀងគឺលិចផ្លូវ។ ជារឿងធម្មតាទេដែលលិចផ្លូវ តែក៏ត្រូវមើលដែរថាលិចខ្លាំងកម្រិតណា ឬមានទំហំផ្ទៃដីនៃការលិចធំប៉ុណ្ណា ហើយហូរទៅវិញឆាប់ប៉ុណ្ណាដែរ? រឿងសំខាន់មួយទៀតគឺ ស្ទះចរាចរណ៍ខ្លាំងប៉ុណ្ណា?
៤. ទឹកភ្លៀងនឹងស្តែងពីគុណភាពនៃគ្រឿងបរិក្ខាខាងក្រៅផ្ទះ
ពេលយើងឃើញសំណង់ផ្ទះថ្មី ពិតណាស់យើងនឹងឃើញអ្វីៗទាំងអស់ថ្មី និងស្អាត តែមិនប្រាកដថាវាជារបស់ដែលមានគុណភាពល្អ ឬបានតម្លើងល្អត្រឹមត្រូវទេ។ បន្ទាប់ពីបាន៥ឆ្មាំ យើងនឹងឃើញច្បាស់ពីគុណភាពរបស់គ្រឿងបរិក្ខាទាំងនោះ តែយើងមិនអាចចាំរហូតដល់៥ឆ្នាំដើម្បីសម្រេចចិត្តទេ យើងគ្រាន់តែពិនិត្យកត្តាមួយចំនួន យើងនឹងអាចដឹងថាវាមានគុណភាពប៉ុណ្ណា។
អ្វីដែលយើងអាចពិនិត្យមើលបន្ទាប់ពីភ្លៀងហើយនោះគឺ៖
- ថ្នាំលាបជញ្ជាំង៖ បើទឹកថ្នាំលាបល្អ ជញ្ជាំងនឹងមិនប្រែពណ៌ពីសភាពដើមពីពេលដែលនៅស្ងួតទេ ហើយទឹកភ្លៀងក៏មិនដក់ជាប់ជញ្ជាំងយូរដែរ។
- ទ្វានិងបង្អួច៖ ជាធម្មតាពេលដែលមានភ្លៀងគឺមានខ្យល់បក់ ដូចនេះសូមមើលថាតើទ្វានិង បង្អួចនោះរង្គឺទេ ឬជ្រាបទឹកចូលទេ។
- បង្គោលខ្សែរភ្លើងមុខផ្ទះ៖ ប្រព័ន្ធអគ្គិសនីនៅកម្ពុជានៅមានកម្រិត ដូចនេះយើងត្រូវចេះការពារនិងប្រយ័ត្នដោយខ្លួនឯង។ សូមពិនិត្យថាតើបង្គោលភ្លើងនៅក្បែរឬមុខផ្ទះយើងតម្លើងបានល្អប៉ុណ្ណា ហើយខ្សែរភ្លើងរៀបរយល្អទេ ហើយរឹងមាំអាចទប់ទល់ខ្យល់បានប៉ុណ្ណា?
៥. ទឹកភ្លៀងនឹងបង្ហាញអារម្មណ៍ពិតរបស់យើងជាមួយនឹងផ្ទះ
គ្រួសារដដែល ដែលបានរៀបរាប់ខាងលើនោះបានទៅមើលផ្ទះមួយទៀតដែលជាសំណង់មិនចាស់មិនថ្មី។ ពួកគេបានពិនិត្យយ៉ាងល្អិតល្អន់ពីព្រោះវាមិនមែនជាសំណង់ថ្មីស្រលាង ហើយពួកគេខ្លាចមានកន្លែងដែលមិនអាចទទួលយកបាន។ បន្ទាប់ពីមើលរួចហើយ ក៏នាំគ្នាអង្គុយចុះចរចារថ្លៃជាមួយម្ចាស់ផ្ទះ ស្រាប់តែមានភ្លៀងធំធ្លាក់មក។ ដោយមានភ្លៀងមិនអាចទៅបាន ពួកគេក៏នៅក្នុងផ្ទះនោះ អង្គុយលើសាឡុង ផឹកទឹកក្តៅ មើលទូរទស្សន៍ ឯកូនរត់លេងពេញផ្ទះ ហើយក៏គេងលក់។ បន្ទាប់ពីភ្លៀងហើយ ពួកគេក៏បានដើរពិនិត្យមើលក្នុងផ្ទះនិងក្រៅផ្ទះដោយពិនិត្យមើលតាមចំនុចដែលបានរៀបរាប់ខាងលើ ក៏ឃើញថាមានកន្លែងដែលមិនមានបញ្ហា ហើយក៏មានកន្លែងដែលត្រូវជួសជុល តែពួកគេសម្រេចចិត្តទិញពីព្រោះពួកគេហាក់ដូចជាមានអារម្មណ៍ថានៅផ្ទះ នៅពេលដែលគេចំណាយពេលក្នុងផ្ទះកំឡុងពេលភ្លៀង។