ចំណុចសំខាន់ ក្នុងការរៀបចំផ្ទះល្អ ដើម្បីការសិក្សាល្អ
ពេលបវេសនកាលរបស់កូនៗចូលមកដល់ ឳពុកម្តាយអាចដើរតួរជាអ្នកជំរុញទឹកចិត្តដល់កូនៗ ឬក៏ជាអ្នកដាក់សម្ពាធលើកូន ឬអាចដើរតួរជាទាំងពីរ។ សូមឳពុកម្តាយយកពេលដ៏ខ្លីមួយពិចារណាបន្តិច។ តើការដែលយើងបញ្ជូនកូនទៅសាលាដែលល្អបំផុតគ្រប់គ្រាន់ធ្វើឲ្យយើងរួចពីទំនួលខុសត្រូវលើការសិក្សារបស់កូនមែនទេ? វាពិតជាសំខាន់ណាស់ក្នុងនាមជាឳពុកម្តាយត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់កូននិងផ្តល់ឲ្យពួកគេនូវបរិយាកាសមួយដែលធ្វើឲ្យពួកគេចង់រៀន។ ឥឡូវសូមយើងស្វែងយល់ពីគន្លឹះនៃការអប់រំនៃ Maria Montessori។ វាជាវិធីសាស្រ្តនៃការអប់រំមួយដែលផ្អែកលើការសិក្សាពីវ័យនៃការអភិវឌ្ឍន៍របស់ក្មេង។
ខាងក្រោមនេះជាគន្លឹះ៦យ៉ាងដើម្បីបង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ។
១. ទម្លាប់នៃការអាន ការសិក្សាស្រាវជ្រាវបានបង្ហាញថាក្មេងដែលធំឡើងក្នុងគ្រួសារដែលអានច្រើនភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សា។ សូមបង្កើតឲ្យមានទម្លាប់អានឮៗនៅផ្ទះ។ សូមធ្វើឲ្យការអានឲ្យកូនស្តាប់ក្លាយជាផ្នែកមួយនៃសកម្មភាពគ្រួសាររបស់អ្នក ទោះចំណាយពេល៥ឬ១០នាទីក៏ដោយ។ យើងអាចផ្លាស់ប្តូរវេនជាមួយកូនធំដោយឲ្យពួកគេអានឮៗឲ្យទាំងអស់គ្នាស្តាប់។ ហើយលោកអ្នកជាឳពុកម្តាយក៏គួរអានដែរ។ កូនៗដែលឃើញឳពុកម្តាយអានធ្វើឲ្យពួកគេគិតថាការអានជារឿងសប្បាយ។
២. រក្សាសណ្តាប់ធ្នាប់ វានឹងបង្ករភាពគ្មានសណ្តាប់ធ្នាប់បើសិនជាយើងយករបស់ប្រើប្រាស់ទាំងអស់ចេញមកម្តងទាំងអស់។ សូមរៀបចំរបស់របរក្នុងផ្ទះឲ្យមានសណ្តាប់ធ្នាប់ពីព្រោះក្មេងអាចនឹងតំរង់ចិត្តរៀនបានល្អនៅពេលដែលមានបរិយាកាសបែបនេះ។
៣. សម្អាត និង អនាម័យ សូមកុំគិតថាក្មេងតូចៗមិនចេះធ្វើអ្វីសោះនោះ។ យើងអាចបង្ហាញពួកគេពីរបៀបណាដែលពួកគេអាចយករបស់ផ្ទាល់ខ្លួនទៅទុកឲ្យត្រូវកន្លែងដែលពួកគេអាចយកទុកដាក់ដល់ នោះពួកគេនឹងចេះធ្វើវានៅពេលក្រោយ។ ឧទាហរណ៍ថាបង្ហាញពួកគេឲ្យយកសៀវភៅមុនរួចហើយចាំយកតុក្តារួចហើយយកនំ ហើយនឹងរបៀបដាក់ទៅវិញផងដែរ។ ប្រាប់ពួកគេថារបស់ណាដែលងាយបាក់បែក ហើយគួរប្រយ័ត និងគួរថែរក្សាយ៉ាងដូចម្តេច។ អនុញ្ញាត្តឲ្យពួកគេធ្វើការទំាងនោះដោយខ្លួនឯង។
៤. រក្សានៅកន្លែងដែលអាចយកបាន សូមធ្វើឲ្យក្នុងផ្ទះលោកអ្នកជាកន្លែងដែលកូនៗអាចមានលទ្ធភាពប្រើប្រាស់របស់ទាំងនោះដែរ ដូចជាដាក់ទូសៀវភៅទាបសម្រាប់ពួកគេ កន្លែងលាងដៃ កន្លែងជូតដៃ មានតុបាយទាបសម្រាប់ពួកគេជាដើម។ របស់ប្រើប្រាស់ជាប្រចំាថ្ងៃរបស់ពួកគេត្រូវតែឲ្យពួកគេអនុវត្តប្រើជាចំាបាច់។ បើពួកគេអាចចាប់កាន់ញាំ ដោយខ្លួនឯង នោះពួកគេនឹងរីកចម្រើនភាពឯករាជ្យបានល្អ។ វិចារណញ្ញាណដំបូងរបស់ក្មេងគឺនៅពេលដែលពួកគេអាចធ្វើអ្វីមួយបានដោយខ្លួនឯងដោយមិនត្រូវការជំនួយ ហើយឯភាពឯករាជ្យកើតឡើតនៅពេលដែលពួកគេបដិសេធជំនួយពីខាងក្រៅ។ Maria Montessori
៥. ខ្ញុំអាចធ្វើបានទេ? សូមកុំយល់ថាក្មេងអាយុតិចមិនអាចធ្វើអ្វីបានដូចដែលយើងគិត។ ព្យាយាមកុំធ្វើច្រើនពេកសម្រាប់ពួកគេ តែសូមធ្វើជាមួយពួកគេឲ្យបានច្រើនវិញ។ ក្មេងៗរីកចម្រើនទំនុកចិត្តនិងភាពទីពឹងខ្លួនឯងបានច្រើននៅពេលដែលពួកគេមានចំនែកក្នុងសកម្មភាពប្រចំាថ្ងៃ។ នៅពេលដែលពួកគេអាចជួយដល់គ្រួសារនិងមានប្រយោជន៍ក្នុងគ្រួសារនោះពួកគេនឹងមានអារម្មណ៍ថាមានតម្លៃនិងភាពជាកម្មសិទ្ធ។ ក្មេងៗកសាងសមត្ថភាពផ្ទាល់ខ្លួនដោយបានរៀនជំនាញថ្មីៗ ដែលទាំងនេះហើយធ្វើឲ្យពួកគេក្លាយជាក្មេងដែលមានសមត្ថភាព។ មិនមែនអ្វីដែលអ្នកបានធ្វើដល់ពួកគេធ្វើឲ្យពូកគេជោគជ័យនោះទេ តែគឺជាអ្វីដែលអ្នកបានបង្រៀនឲ្យពួកគេចេះធ្វើដោយខ្លួនឯងទៅវិញទេដែលធ្វើឲ្យពួកគេជោគជ័យ។ Ann Landers
៦. ឳពុកម្តាយគួរបន្តររៀនសូត្រ មានបទពិសោធន៍ផ្ទាល់ខ្លួន រួមជាមួយការស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍របស់កូន វានឹងធ្វើឲ្យអ្នករឹតតែប្រសើរ។ លោកអ្នកអាចរៀនពីការអភិវឌ្ឍន៍របស់ក្មេងតាមរយៈអ៊ីនធើណេតនៅផ្ទះក៏បាន។ សូមកុំគ្រាន់តែប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនតែមួយមុខ តែសូមទៅជជែក និងចែករំលែកបទពិសោធន៍ជាមួយឳពុកម្តាយផ្សេងទៀត ឬជួបអ្នកជំនាញ។