គន្លឹះ៦យ៉ាងរៀបចំផ្ទះសម្រាប់ខែភ្លៀង
ដើម្បីឲ្យផ្ទះរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងត្រៀមជាស្រេចក្នុងខែវស្សានេះ គ្រាន់តែធ្វើតាមការណែនាំដែលមានប្រសិទ្ធភាពចំនួនដូចខាងក្រោម។ វាសំខាន់ណាស់ដើម្បីការពារផ្ទះរបស់អ្នកក្នុងរដូវវស្សានេះឲ្យមានភាពសុខដុមល្អ។ វាតម្រូវឲ្យមានការចំណាយបន្តិចបន្តួចតែវាប្រសើរជាងការជួសជុលបន្ទាប់ពីមានការខូចខាត។
១. រៀបចំជាស្រេច/ត្រៀមខ្លួនជាមុន
ធាតុអាកាសមើលទៅហាក់ដូចជាល្អ តែយើងមិនដឹងថាវាផ្លាស់ប្តូរយ៉ាងរហ័សប៉ុណ្ណាទេក្នុងរដូវវស្សានេះ។ ដូចនេះសូមចងចាំថា ត្រូវតែបិទទ្វារបង្អួចឲ្យជិតមុនពេលអ្នកចាកចេញពីផ្ទះ។
២. ការពារកុំឲ្យមានជ្រាបទឹក
ពេលភ្លៀងម្តងៗពេលខ្លះភ្លៀងចង់បាក់មេឃ។ ពេលខ្លះទឹកភ្លៀងធ្លាក់មកពីគ្រប់ទិស។ ដូចនេះសូមធានាឲ្យបានថាតាមជាយបង្អួចទ្វាររបស់អ្នកមិនជ្រាបទឹកព្រោះថាសូម្បីតែប្រលោះតូចមួយក៏ទឹកអាចចូលបានដែរ។ ដូច្នេះបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចហើយ អ្នកអាចពិនិត្យមើលថាតើកន្លែងណាដែលត្រូវការពារនិងជួសជុល។ ជ័រកាវ (Rubber sealant) ជាជ័រ ដែលអាចបំពេញចន្លោះប្រហោងបានបណ្តោះអាសន្នយ៉ាងល្អ ហើយក៏អាចដកចេញវិញដែរពេលយើងត្រូវការជួសជុលពេលណាមួយ។
៣. សម្អាតសំរាមតាមបំពង់បង្ហូរ ឬទរបង្ហូរទឹក
ការរស់នៅប្រទេសកម្ពុជា វាជារឿងចាំបាច់ណាស់ដែលយើងត្រូវត្រួតពិនិត្យរាល់សំរាមនិងសម្អាតបំពង់បង្ហូរទឹកឲ្យបានល្អជៀសវាងការកកស្ទះ។បើសិនជាមានអ្វីធ្វើឲ្យកកស្ទះការបង្ហូរទឹកវានឹងធ្វើឲ្យលិចទឹកក្នុងផ្ទះរបស់អ្នក។ដូចនេះវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវត្រួតពិនិត្យបំពង់បង្ហូរក្នុងបន្ទប់ទឹករបស់អ្នក។ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងក្រុងភ្នំពេញតែងតែលិចទឹកពេលភ្លៀងម្តងៗព្រោះលូបង្ហូរមានទំហំតូចហើយស្ទះដោយសំរាម។ ការស្តារកំទេចកំទីមួយចំនួនដែលយើងមិនអាចធ្វើខ្លួនឯងបាន យើងអាចរកអ្នកជំនាញដែលមានឧបករណ៍គ្រប់គ្រាន់។
៤. ត្រួតពិនិត្យដំបូល
បើនិយាយពីការរស់នៅក្នុងផ្ទះ រឿងមួយដែលគួរឲ្យធុញនោះគឺពេលមានទឹកលិចពីដំបូលដែលធ្វើឲ្យប៉ះពាល់និងខូចខាតជាច្រើន។ពេលដែលមានទឹកលិចពីដំបូលជ្រាបតាមពិដាននិងជញ្ជាំងវាអាចទាមទារឲ្យមានការលាបថ្នាំឡើងវិញជាថ្មី។ យកល្អលោកអ្នកគួរតែត្រួតពិនិត្យដំបូលមួយឆ្នំាម្តងក្រែងលមានបញ្ហាផ្សេងៗ បើមិនដូច្នោះទេពេលភ្លៀងធំមកនឹងមានការពិបាកជាមិនខាន។
៥. ត្រៀមខ្លួនសម្រាប់រឿងនឹកស្មានមិនដល់/យថាហេតុ
វាអាចជារឿងដែលយើងនឹកស្មានមិនដល់ តែទឹកជំនន់ ឬទឹកលិចពិតជាអាចកើតឡើង។ សូមរក្សានិងស្តុកទឹកស្អាតនៅផ្ទះឲ្យបានគ្រប់គ្រាន់ ត្រៀមឧបករណ៍ដែលអាចផ្តល់ពន្លឺដូចជាទៀន ពិលក្នុងករណីដាច់ភ្លើង។ ផងដែរសូមត្រៀមឲ្យមានឆ័ត្រនិងអាវភ្លៀងគ្រប់គ្រាន់សម្រាប់ពេលណាដែលលោកអ្នកត្រូវការចេញក្រៅ។ បើសិនជាផ្ទះលោកអ្នកឧស្សាហ៍មានទឹកជន់លិច សូមរក្សាទុកបាវខ្សាច់នៅផ្ទះឲ្យបានគ្រប់គ្រាន់ក្នុងករណីត្រូវការជាបន្ទាន់។
៦. រើអីវ៉ាន់ឡើងលើ
បើសិនជាមានទឹកជន់លិចវាពិតជាមានការលំបាកណាស់សម្រាប់លោកអ្នករស់នៅផ្ទាល់ដី។ តែអ្វីដែលយើងអាចធ្វើនោះគឺរើឥវ៉ាន់ឡើងលើឬបន្តុបអីវ៉ាន់លើគ្នាដោយដាក់របស់ណាដែលធន់នឹងទឹកនៅខាងក្រោម ឯរបស់មិនសូវធន់នឹងទឹកនៅខាងលើ។ យើងអាចពិបាកស្រមៃថាវាមានផលប៉ះពាល់អ្វីខ្លះពេលកើតឡើង តែយើងគ្រាន់តែអាចត្រៀមឲ្យបានគ្រប់គ្រាន់ជាការល្អ។