• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះសំខាន់ៗក្នុងការជ្រើសរើសស្ថាប័ន​ហិរញ្ញវត្ថុ​

    គន្លឹះសំខាន់ៗក្នុងការជ្រើសរើសស្ថាប័ន​ហិរញ្ញវត្ថុ​

    Posted on: Nov 04, 2024

    គន្លឹះសំខាន់ៗក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ ទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយដែលត្រូវការពេលវេលា និងការគិតគូរឲ្យបានហ្មត់ចត់ លើចំណុចមួយចំនួនដូចជាប្រភេទប្លង់ គុណភាពផ្ទះ ទំហំផ្ទះ ទីតាំង បរិយាកាសជុំវិញ និងការត្រៀមរៀបចំផែនការហិរញ្ញវត្ថុ ។ល។ សម្រាប់អ្នកដែលទិញផ្ទះលើកដំបូង អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យរកហានិភ័យលើប្រភេទប្លង់អចលនទ្រព្យ ដំណើរការឯកសារផ្លូវច្បាប់ផ្សេងៗ ការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលសក្តិសមនឹងប្រាក់ចំណូលជាដើម ។

    ការទិញផ្ទះគឺជាការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាការវិនិយោគមួយដែលនឹងផ្តល់ប្រាក់ចំណេញនាពេលអនាគតផងដែរ ហេតុដូច្នេះហើយ ពេលខ្លះយើងមិនចាំបាច់រង់ចាំរហូតដល់មានប្រាក់ក្នុងដៃគ្រប់ទាំងស្រុងដើម្បីទិញផ្ទះនោះទេ ដោយយើងអាចស្វែងរកប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុបាន នេះបើតាមប្រសាសន៍លោក ហេង សក្តា ប្រធាននាយកដ្ឋានឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ដែលជាគ្រឹះស្ថានផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋានដល់អ្នកដែលមានចំណូលទាប និងមធ្យម ។

    សម្រាប់ការស្វែងរកស្ថាប័នហិរញ្ញវត្ថុ លោក ហេង សក្ដា បានបន្តថា អតិថិជនមិនគួរយកអត្រាការប្រាក់តែមួយមុខ មកធ្វើសេចក្តីសម្រេចចិត្តក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុធ្វើជាដៃគូនោះទេ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ពួកគាត់គួរតែពិនិត្យលើចំណុចមួយចំនួនដូចតទៅ ៖

    1. ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង៖ ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? ឬរាល់ការបង់សងត្រូវតែបង់នៅការិយាល័យ? ។
    2. ថ្លៃសេវា៖ ក៏ជាចំណែកមួយនៃការចំណាយផងដែរ ដូច្នេះត្រូវសួរថាតើក្រៅពីសេវារដ្ឋបាល នៅមានថ្លៃសេវាអ្វីបន្ថែមផ្សេងទៀតទេដែលត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីទេ? ។
    3. ពិចារណាអំពី រយៈពេលនៃប្រាក់កម្ចី៖ ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅការយកកម្ចីរយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។
    4. ពិនិត្យលើលក្ខខណ្ឌក្នុងការបង់រំលោះដើម៖ តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយនៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម ។
    5. ថាតើអតិថិជនមានសិទ្ធិជ្រើសរើសវិធីសាស្ត្រនៃការបង់សងដែរឬទេ អាស្រ័យលើលំហូរសាច់ប្រាក់ និងលទ្ធភាពបង់សង គាត់អាចចង់បង់រំលោះប្រចាំខែថេរ ឬអ្នកខ្លះចង់បង់រំលោះដើមថេរ ។
    6. តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម ។

    លោកបន្ថែមថា ដោយសារកម្ចីទិញផ្ទះភាគច្រើនជាកម្ចីដែលមានរយៈពេលវែងអាចរហូតដល់ 15ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដ៍វែងនេះអតិថិជនអាចជួបប្រទះនូវបញ្ហាណាមួយជាយថាហេតុ ដូច្នេះការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញត្រឹមត្រូវខាងផ្នែកផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋាន គឺជារឿងដែលសំខាន់ ព្រោះស្ថាប័នទាំងនោះអាចផ្តល់ប្រឹក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ទំលាប់ផ្សេងៗបាន ។

    ចែករំលែកទៅកាន់: