• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងដើម្បីរស់នៅ

    គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងដើម្បីរស់នៅ

    Posted on: Jul 11, 2023

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី?

    ក. គោលបំណង

    មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។

    សម្រាប់រស់នៅ

    សំនួរ៖ តើសមាជិកគ្រួសាររបស់លោកអ្នកមានប៉ុន្មានាក់? តើជាគ្រួសារតូចឬធំ?

    ជាការសាមញ្ញបំផុត គ្រាន់តែរាប់សមាជិកទាំងអស់គ្នាជាការស្រេច។ ទំហំផ្ទះដែលលោកអ្នកចង់បានគួរតែមានទំហំសាកសមនឹងចំនួនសមាជិកគ្រួសារលោកអ្នកតាមដែលលោកអ្នកចង់បាន។ លោកអ្នកអាចពិចារណាដូចខាងក្រោម៖ ប្រើឲ្យអស់លទ្ធភាព៖ នៅក្នុងផ្ទះមួយគួរតែមាន បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ យ៉ាងតិចបន្ទប់ទឹក និងបន្ទប់គេងមួយ មានរៀនហាល​ សួនច្បារ។ល។ វាជាការសំខាន់ណាស់ដែលយើងគួរប្រើផ្ទះឲ្យអស់លទ្ធភាពរបស់វា។ បើសិនជាសមាជិកគ្រួសារអ្នកមានគ្នា៣នាក់ ហើយចង់បានបន្ទប់គេងមួយម្នាក់ លោកអ្នកអាចស្វែងរកផ្ទះដែលមានបន្ទប់គេង៣​ ឬបើសមាជិកអាចប្រើបន្ទប់គេងមួយសម្រាប់គ្នាពីនាក់បាន ដូច្នេះស្វែងរកផ្ទះមានបន្ទប់គេង៣សម្រាប់គ្នា៦នាក់។

    សំនួរ៖ តើលោកអ្នកចង់បានផ្ទះដែលមានលក្ខណៈសម្បត្តិដូចម្តេច?​

    ពាក្យថាលក្ខណៈសម្បត្តិរបស់ផ្ទះវាអាចមានន័យទូលំទូលាយ តែយើងខ្ញុំសូមនិយាយតែក្នុងបរិបទក្នុងស្រុកខ្មែរប៉ុណ្ណោះ។ នៅកម្ពុជា យើងអាចបែងចែកលក្ខណៈសម្បត្តិផ្ទះដោយវិភាគថាតើវាជាផ្ទះថ្មី ចាស់ ឬសាងសង់ខ្លួនឯង។

    • ផ្ទះចាស់៖ មានដូចជា ផ្ទះតាមសំណង់អគារ ឬផ្ទះល្វែង ដែលមានតាមបណ្តោយមហាវិថីមុនីវង្ស ឬជិតមាត់ទន្លេចតុមុខ ឬក៏ផ្ទះសម័យបារាំង ដែលភាគច្រើននៅសល់តាមខេត្តដូចជាកំពង់ចាម កំពត បាត់ដំបង។ល។
    • ផ្ទះថ្មី៖ ផ្ទះនៅតំបន់កំពុងអភិវឌ្ឍន៍ ដូចជាភ្នំពេញថ្មី ពោធិ៍សែនជ័យ ឬតាមបណ្តាបុរីផ្សេងៗ ដែលសំណង់ទាំងនោះភាគច្រើនសង់ក្រោយឆ្នាំ២០០០​ និងបន្តរបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
    • សាងសង់ខ្លួនឯង៖ មនុស្សមួយចំនួនពេញចិត្តនឹងការសាងសង់ផ្ទះផ្ទាល់ខ្លួនជាជាង ដោយព្រោះមានការពេញចិត្តនឹងរចនាបទ និងការតុបតែងដែលខ្លួនចង់បាន។

    សំនួរ៖ តើលោកអ្នកមានផែនការរស់នៅទីនោះរយៈពេលប៉ុណ្ណាដែរ?​

    លោកអ្នកគួរសួរខ្លួនឯងថាតើចង់បោះទីលំនៅពិតប្រាកដនៅទីនោះឬមានផែនការផ្លាស់ប្តូរទីកន្លែងញឹកញាប់?​ បើសិនជាលោកអ្នកមានផែនការរស់នៅទីនោះរយៈពេលយូរសូមស្វែងរកទីតាំងដែលលោកអ្នកពេញចិត្តបំផុត ជៀសវាងការស្តាយក្រោយបន្ទាប់ពីសម្រេចចិត្ត។ តែបើមានផែនការថានឹងផ្លាស់ទីលំនៅជាញឹកញាប់ នោះអាចមានភាពបត់បែនក្នុងការសម្រេចចិត្តបាន។

    ខ. ទីតាំង

    សំនួរ៖ តើលោកអ្នកពេញចិត្តបរិយាកាសរស់នៅជុំវិញបែបណាដែរ?​

    បរិយាកាសរស់នៅជុំវិញគឺសំដៅទៅបរិយាកាសនិងទិដ្ឋិភាពជុំវិញផ្ទះអ្នក។ តំបន់ខ្លះមានភាពមមាញឹកណាស់ដោយសារ ចរាចរណ៍ ក្មេងនិងយុវជន អាជីវកម្មតូចធំ ហាងអាហារ ហាងលក់អីវ៉ាន់។ល។ ទោះជាយ៉ាងណាក៏ដោយ វាផ្តល់ភាពសប្បាយរីករាយនិងភាពងាយស្រួលសម្រាប់មនុស្សមួយចំនួនក្នុងការរស់នៅក្នុងតំបន់បែបនេះ។ ចំនែកឯតំបន់ខ្លះវិញមានភាពស្ងប់ស្ងាត់ដោយមិនសូវមានសកម្មភាពដែលបានរៀបរាប់ខាងលើ ជាពិសេសតំបន់ដែលនៅឆ្ងាយពីក្រុង។

    សំនួរ៖ តើមានរយៈចម្ងាយប៉ុន្មានពីផ្ទះ លោកអ្នកទៅហាងទំនិញ កន្លែងធ្វើការ សាលា ឬកន្លែងសំខាន់មួយចំនួនទៀតដែលអ្នកត្រូវទៅ?​

    លោកអ្នកគួរពិចារណាពីចម្ងាយរវាងផ្ទះនិងកន្លែងដែលលោកអ្នកចំបាច់ទៅជាប្រចាំដូចជាកន្លែងធ្វើការ សាលា​ ផ្សារ ហាង បើទោះជាលោកអ្នករស់នៅទីក្រុងឬជនបទក៏ដោយ។ ប្រសិនបើលោកអ្នករស់នៅតាមខេត្ត ឬតំបន់ដែលមិនសូវមានភាពមមាញឹក វាអាចមិនមែនជាបញ្ហាដែលលោកអ្នករស់នៅឆ្ងាយបន្តិចពីកន្លែងដែលលោកអ្នកត្រូវធ្វើដំណើរទៅជាញឹកញាប់ តើបើលោកអ្នករស់នៅក្នុងទីក្រុង ឬតំបន់ដែលមានភាពមមាញឹកអ្នកគួរតែទីតាំងផ្ទះនៅក្បែរកន្លែងដែលអ្នកត្រូវទៅជាញឹកញាប់ទាំងនោះ។

    សំនួរ៖ តើសន្តិសុខនិងសុវត្ថិភាពមានលក្ខណៈដូចម្តេចដែរ?​

    លោកអ្នកអាចសាកសួរអាជ្ញាធរក្នុងតំបន់ឬអ្នកជិតខាងអំពីសន្តិសុខនិងសុវត្ថិភាព។ ដើម្បីកាន់តែច្បាស់លោកអ្នកអាចមកសង្កេតដោយខ្លួនឯងនៅពេលយប់បាន។

    គ. ប្រភេទផ្ទះ

    សំនួរ៖ តើផ្ទះប្រភេទណាដែលលោកអ្នកចង់រស់នៅ?​ វីឡា? ខុនដូ?​ ផ្ទះក្នុងអគាររួម?​ ផ្ទះមានទីធ្លា? ផ្ទះល្វែង?

    បើសិនជាលោកអ្នកមានសមាជិកតិចដែលជាគ្រួសារតូចហើយចង់ភ្ជាប់ជីវិតសាមញ្ញទៅនឹងទីក្រុង ឬតំបន់ប្រជុំជន លោកអ្នកអាចរស់នៅក្នុង ផ្ទះល្វែង ខុនដូ ឬ​ ផ្ទះក្នុងអគាររួម ។ ចំណែកឯ ផ្ទះវីឡាវាផ្តល់នូវភាពស្រស់ស្អាតសម្រាប់ការរស់នៅរបស់លោកអ្នក ។ ម៉្យាងវិញទៀតនៅពេលលោកអ្នកឈានដល់វ័យចំណាស់បន្តិច លោកអ្នកអាចជ្រើសរើសតំបន់ជាយក្រុងដើម្បីទទួលបានទីធ្លាធំទូលាយ ដែលផ្តល់នូវភាពប្រសើរសម្រាប់ការដកដង្ហើម និងអាចដាំដុះបន្លែខ្លួនឯងបាន។

    ឃ. តម្លៃ

    សំនួរ៖ តើលោកអ្នករំពឹងថាផ្ទះនោះមានតម្លៃប៉ុន្មាន?​

    យើងតែងតែចង់បានថ្លៃទាបរាល់ពេលយើងទិញទំនិញឬសេវាណាមួយ តែវាមិនអាចដូចអ្វីដែលយើងរំពឹងរហូតទេ។ វាសំខាន់ណាស់ដែលយើងគួរតែស្គាល់និងទទួលយកការពិត។

    សំនួរ៖ តើតម្លៃទីផ្សារថ្លៃប៉ុន្មានដែរ?

    លោកអ្នកអាចសាកសួរតម្លៃផ្ទះដែលស្រដៀងគ្នានៅក្បែរតំបន់នោះ ឬក៏តំបន់ដែលប្រហាក់ប្រហែល។

    ង. ហិរញ្ញវត្ថុ

    សំនួរ៖ តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ?

    ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មានក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។

    សំនួរ៖ តើលោកអ្នកចង់ទិញយ៉ាងដូចម្តេច? បង់ផ្តាច់?​ បង់រំលស់?​

    បើលោកអ្នកមានប្រាក់គ្រប់គ្រាន់ហើយមិនចង់ចំណាយលើការប្រាក់លោកអ្នកអាចបង់ផ្តាច់តែម្តង។ ការបង់រំលស់វាចាំបាច់សម្រាប់តែអ្នកមិនទាន់មានលទ្ធភាពតែប៉ុណ្ណោះ។

    សំនួរ៖ តើលោកអ្នកមានចំណូលយ៉ាងដូចម្តេចដែរ?​

    លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថាតើលោកអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃឬទេបន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តីប្រឹក្សាឥណទានរបស់យើងបាននៅតំបន់ផ្សេងក្នុងប្រទេសប្រទេសកម្ពុជា។

    សំនួរ៖ តើស្ថាប័នហិរញ្ញវត្ថុណាដែលលោកអ្នកអាចពិចារណា?

    មានបុរីជាច្រើន បានផ្តល់នូវការបង់រំលស់ ប៉ុន្តែលោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានជំនាញក្នុងការផ្តល់កម្ចីទាក់ទងលំនៅដ្ឋាន ដើម្បីជួយបាន។ ចំពោះ ការបង់រំលស់ជាមួយបុរីលោកអ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍ជាដើម ។ល។ មានស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោកអ្នកគួរតែពិចារណាពីស្ថាប័នដែលផ្តល់សេវាល្អជាមួយនឹងកម្ចីរយៈពេលវែង និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

    ចែករំលែកទៅកាន់: