• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គន្លឹះក្នុងការបង់ផ្តាច់កម្ចីលំនៅដ្ឋានបានឆាប់មុនកាលកំណត់

    គន្លឹះក្នុងការបង់ផ្តាច់កម្ចីលំនៅដ្ឋានបានឆាប់មុនកាលកំណត់

    Posted on: Jun 26, 2023

    ជាទូរទៅកម្ចីលំនៅដ្ឋានគឺជាកម្ចីរយៈពេលវែងដែលទាមទារ នូវការប្តេជ្ញារចិត្តខ្ពស់ និងការប្រឹងប្រែងក្នុងការគ្រប់គ្រងវា ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលយើងត្រូវពិចារណានៅពេលដែលសម្រេចចិត្តប្រើប្រាស់កម្ចីលំនៅដ្ឋាន ។

    ១. រំលស់ដើម

    វិធីមួយក្នុងចំណោមវិធីដែលជួយដល់ការបង់ផ្តាច់កម្ចីមុនពេលកំណត់គឺការរំលស់ដើម។ គប្បីឆែកជាមួយស្ថាប័នដែលលោកអ្នកខ្ចីប្រាក់ពីលក្ខខណ្ឌបង់រំលស់ដើមដោយមិនមានពិន័យ។ ការបង់រំលស់ដើមគប្បីធ្វើឡើងនៅដើមគ្រានៃប្រាក់កម្ចី។ កំឡុងប៉ុន្មានឆ្នាំដំបូងនៃប្រាក់កម្ចី មួយចំណែកធំនៃប្រាក់ដែលបានមកពីការបង់ប្រចាំខែត្រូវនឹងត្រូវបានយកទៅទូទាត់ជាមួយការប្រាក់ច្រើនជាងទូទាត់លើប្រាក់ដើម ។ ​ ការទូទាត់លើចំនួនការប្រាក់ ត្រូវបានចាប់ផ្តើមពីចំនួនច្រើននៅដើមគ្រា និងកាន់តែតិចទៅៗរហូតដល់សូន្យ នៅកាលបរិច្ឆេទផុតកំណត់នៃប្រាក់កម្ចី។ ចំណែកឯប្រាក់ដើមត្រូវបានទូទាត់ចាប់ពីចំនួនតិចនៅដើមគ្រា ហើយកាន់តែច្រើនទៅនៅពេលផុតកំណត់នៃប្រាក់កម្ចី។ ជាទូទៅការប្រាក់ ត្រូវបានគណនាដោយអាស្រ័យលើចំនួនប្រាក់ដើមជាក់ស្តែង។

    ២. បង្កើនចំនួនប្រាក់បង់

    វិធីមួយទៀតក្នុងការសងកម្ចីឆាប់អស់នោះគឺបង្កើនចំនួនប្រាក់បង់ប្រចាំខែ។ នៅពេលគណនាចំនួនប្រាក់បង់ប្រចាំខែ លោកអ្នកគប្បីស្នើបង្កើនវាអោយគត់ត្រឹមខ្ទង់ដប់។ បើអាចបានលោកអ្នកគួរស្នើបង់ចំនួន ៣០០ ដុល្លារ​ ក្នុងមួយខែជំនួសអោយបង់ ២៩៦ ដុល្លារ ឬគប្បីត្រូវបង់ ៦៨០ ដុល្លារ ក្នុងមួយខែជាជាងបង់ ៦៧១ ដុល្លារ។ ការធ្វើបែបនេះក៏អាចជួយបន្ថយរយៈពេលនៃប្រាក់កម្ចីបានខ្លះផងដែរ ។

    ៣. ប្រើប្រាស់ចំណូលដែលមិនបានរំពឹងទុក

    ប្រើប្រាស់ចំណូលដែលមិនបានរំពឹងទុកដើម្បីរំលស់ដើម។ ចំណូលទាំងនោះរួមមានដូចជា ប្រាក់រង្វាន់ប្រចាំឆ្នាំ ឬក៏ប្រាក់ខែទី ១៣ជាដើម។ ការប្រើប្រាស់លុយទាំងនោះមិនបានធ្វើអោយប៉ះពាល់ដល់ចំណាយប្រចាំខែរបស់យើងនោះទេ។

    ៤. រីហ្វាយនែនកម្ចីលំនៅដ្ឋាន

    ការរីហ្វាយនែន ប្រាក់កម្ចីដែលមានការប្រាក់ទាបវាអាចជួយកាត់បន្ថយចំណាយទៅលើការប្រាក់បានច្រើនផងដែរ។ បន្ថែមពីលើនេះគឺអាចអោយយើងជ្រើសរើសយករយៈពេលបង់ខ្លីជាងមុន ។ ប៉ុន្តែសូមពិនិត្យមើលទៅចំនួនប្រាក់ពិន័យ និងថ្លៃសេវារដ្ឋបាលផ្សេងដែលកើតមាននៅពេល រីហ្វាយនែន ដើម្បីប្រាកដថាវាពិតជាចំនេញ ។

    ចែករំលែកទៅកាន់: