• ខ្មែរ
  • EN
  • Shape

    ការរៀបចំផ្ទះសម្រាប់អ្នកមានកូនតូច

    Posted on: Aug 10, 2023

    ការមើលថែទាំកូនតូចៗត្រូវប្រើពេលវេលា និងកម្លាំងច្រើន ដែលអាចធ្វើឲ្យអ្នករវល់តាំងពីព្រលឹមទល់ព្រលប់ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អនោះទេ។ សូមកុំគិតថា ពេលអ្នកមានកូនធ្វើឲ្យអ្នកមិនអាចរស់នៅក្នុងផ្ទះដែលមានរបៀបរៀបរយបាន។ ខាងក្រោមជាគន្លឹះដ៏ឆ្លាតវៃមួយចំនួនដែលអ្នកអាចផ្លាស់ប្ដូរស្ថានភាពផ្ទះរបស់អ្នក នៅពេលមានកូន ពីស្ថានភាពឥតសណ្ដាប់ធ្នាប់ ទៅជាមានសណ្ដាប់ធ្នាប់ល្អ ៖

     

    ១. បង្កើតកន្លែងមួយដែលអាចលេងផង និងសម្រាកផង

    អ្នកអាចបង្កើតកន្លែងលេងតូចមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាមួយក្នុងផ្ទះ ដែលកូនៗ របស់អ្នកអាចមើលឃើញ និងឆ្លើយឆ្លងជាមួយអ្នក ហើយពួកគេអាចលេងដោយខ្លួនឯង អំឡុងពេលអ្នកធ្វើការងារផ្ទះផ្សេងៗ ។ វាកាន់តែប្រសើរ ប្រសិនបើអ្នកអាចមានបន្ទប់រៀបចំដាច់ដោយឡែកមួយសម្រាប់កូនៗរបស់អ្នក ដូច្នេះពួកគេអាចរីករាយនឹងការលេងសម្ភាររបស់ពួកគេក្នុងបន្ទប់តែមួយ។

     

    ២. កំណត់ពណ៌លើសម្ភារមួយចំនួន

    កុមារងាយចងចាំពណ៌ផ្សេងៗ ។ អ្នកអាចជ្រើសរើសពណ៌ផ្សេងគ្នាសម្រាប់សម្គាល់លើចាន កញ្ច្រែងដាក់ខោអាវ កន្សែងងូតទឹក សំពៀត និងសម្ភារសិក្សាផ្សេងៗ សម្រាប់កូនម្នាក់ៗ ។ ការកំណត់ពណ៌ដូច្នេះ អាចធ្វើឲ្យអ្នក និងកូនៗងាយស្រួលចំណាំកម្មសិទ្ធិលើសម្ភារនីមួយៗ ដោយគ្រាន់តែក្រឡេកឃើញពណ៌របស់វា។

     

    ៣. គ្រប់គ្រងក្រដាសមេរៀនរបស់កូន

    កូនៗរបស់អ្នកតែងតែយកក្រដាសមេរៀនរបស់ពួកគេពីសាលា ហើយក្រដាសទាំងនោះអាចងាយនឹងជ្រុះរប៉ាត់រប៉ាយក្នុងផ្ទះរបស់អ្នក។ ការប្រើប្រអប់ ឬសឺមីសម្រាប់ដាក់ឯកសារគឺជាវិធីដ៏ល្អបំផុតសម្រាប់រៀបចំទុកដាក់សន្លឹកក្រដាសដែលកូនៗរបស់អ្នកយកមកផ្ទះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកអាចពិនិត្យមើលក្នុងសំពៀតរបស់កូនជារៀងរាល់ថ្ងៃ ដើម្បីរៀបចំក្រដាសមេរៀនរបស់ពួកគេទៅក្នុងសឺមីដែលមានឈ្មោះត្រឹមត្រូវ។

     

    ៤. រក្សារបស់របរនៅកន្លែងដើម

    របស់របរមួយចំនួនដូចជាសម្ភារលេងរបស់កូន ស្បែកជើង ស្រោមជើង សំពៀត សៀវភៅ គួតែត្រូវបានទុកដាក់នៅកន្លែងដើមភ្លាមៗ បន្ទាប់ពីអ្នក ឬកូនៗរបស់អ្នកប្រើប្រាស់រួច។ ការធ្វើបែបនេះអាចបង្រៀនកូនៗរបស់អ្នកឲ្យមានទំលាប់ល្អ ហើយវាអាចធ្វើឲ្យផ្ទះរបស់អ្នកមានរបៀបរៀបរយពេញមួយថ្ងៃ ប្រសិនបើកូនៗរបស់អ្នកអាចអនុវត្តបាន។ ការទុកដាក់របស់របរនៅកន្លែងដើមភ្លាមៗអំឡុងពេលថ្ងៃ អាចសម្រួលការហត់នឿយរបស់អ្នកបានច្រើនជាជាងចាំធ្វើវានៅពេលកូនៗរបស់អ្នកចូលគេង។

    ចែករំលែកទៅកាន់: