ការទទួលស្គាល់កម្រិតខ្ពស់បំផុត សម្រាប់គោលការណ៍ការពារអតិថិជន
អបអរសាទរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF ។ សមបញ្ជាក់ថា Cerise និង SPTF ជាស្ថាប័នអន្តរជាតិ ដែលមិនគិតពីប្រាក់ចំណេញ ផ្ដោតជាពិសេសទៅលើការគ្រប់គ្រងសមិទ្ធិផលសង្គម និងការការពារអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ ។ គោលការណ៍ទាំង ៧ ដែល ហ្វឺស ហ្វាយនែន បានអនុវត្តន៍នោះមានដួចជា៖ ១, ការបង្កើតផលិតផល និងផ្តល់សេវាដែលត្រូវតាមលក្ខខណ្ឌអតិថជន ២, ការការពារអតិថិជនពីបំណុលវណ្ឌករ ៣. ការផ្តល់នូវតម្លាភាពទៅដល់អតិថិជន ៤, ការកំណត់តម្លៃប្រកបដោយទំនួលខុសត្រូវ ៥. ផ្តល់ការគោរព និងយុត្តិធម៌ជូនដល់អតិថិជន ៦, ការផ្តល់យន្តការក្នុងការដោះស្រាយបណ្ដឹងរបស់អតិថិជន ៧, ការរក្សាព័ត៌មានសម្ងាត់ជូនដល់អតិថិជន ។ " វាជាការចាំបាច់ ដែលយើងត្រូវផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ និងតម្លាភាពទៅកាន់អតិថិជន ។ វិញ្ញាបនបត្រនេះ បានបញ្ជាក់កាន់តែច្បាស់ពីការប្ដេជ្ញាចិត្តរបស់យើងទៅលើសមិទ្ធិផលសង្គម និងការការពារដល់អតិថិជនរបស់យើង” ប្រសាសន៍របស់លោកស្រី ជុន សុផានី អគ្គនាយិកា ហ្វឺស ហ្វាយនែន ។
ហ្វឺស ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៩ ហើយបានក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានឯកទេសក្នុងការផ្តល់កម្ចីលំនៅដ្ឋានដំបូងគេនៅក្នុងប្រទេសកម្ពុជា ។ ស្ថាប័នមួយនេះផ្តោតទៅលើការផ្ដល់កម្ចីលំនៅដ្ឋានខ្នាតតូច រយៈពេលវែងទៅដល់ប្រជាជនកម្ពុជាដែលមានចំណួលទាប ដែលភាគច្រើនពិបាកក្នុងការស្នើកម្ចីលំនៅដ្ឋានផ្លូវការ ។ គិតត្រឹមចុងឆ្នាំ ២០២១ ហ្វឺស ហ្វាយនែន បានផ្ដល់កម្ចីទៅកាន់ប្រជាជនដែលមានចំណូលទាបជាង ៧០០ដុល្លារក្នុង ១ខែ ប្រហែលជា ៤០ ភាគរយនៃអតិថិជនសរុប និង ប្រហែលជា ៤៨,៥% គឺជាអ្នកប្រកបរបររកស៊ីខ្នាតតូច ។ ភាគច្រើននៃពួកគាត់ គឺជាអ្នកប្រកបរបរខ្នាតតូច ដូចជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ជាដើម ពួកគាត់មិនមានរបាយការណ៍ចំណូលច្បាស់លាស់នោះទ ទោះបីពេលខ្លះពួកគាត់មានចំណូលប្រហាក់ប្រហែលនឹងអ្នកធ្វើការក៏ដោយ ប៉ុន្តែពួកគាត់មិនភស្តុតាងដើម្បីបង្ហាញពីចំណូលទៅខាងធនាគារនោះទេ ។ អ្នកទាំងនោះ គឺជាអតិថិជនគោលដៅដែល ហ្វឺស ហ្វាយនែន ផ្ដោតការយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពអោយពួកគាត់អាចទទួលបានកម្ចីលំនៅដ្ឋាន ដើម្បីយកទៅទិញផ្ទះ សាងសង់ ឬជួសជុលផ្ទះដំបូងរបស់គាត់ ។